ជា ចាន់តូ ប្រាប់ IMF ថា កំពុងបន្តតាមដានយ៉ាងប្រុងប្រយ័ត្នលើហានិភ័យនានាជាប្រចាំក្នុងគ្រប់វិស័យសេដ្ឋកិច្ច

សង្គម​និង​សេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជា ជួបពិភាក្សាការងារជាមួយក្រុមបេសកកម្មមាត្រាទី IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឱកាសនោះ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ បានបញ្ជាក់ប្រាប់លោក Alasdair Scott ប្រធានបេសកកម្មរបស់ IMF សម្រាប់កម្ពុជា អំពីសេដ្ឋកិច្ចកម្ពុជា ដែលរំពឹងថាមានកំណើនក្នុងរង្វង់ ៥% ជាមួយនឹងអត្រាអតិផរណាអាចគ្រប់គ្រងបាន ទោះបីជានៅក្នុងរយៈពេល ៦ខែ ដើមឆ្នាំ ២០២២ បានកើនឡើងក៏ដោយ។

លោកថា អតិផរណានៅឆមាសទី២ នេះត្រូវបានរំពឹងថាថយចុះទាបជាង ៥%។ ទុនបម្រុងអន្តរជាតិកម្ពុជាបន្តរក្សាបានក្នុងកម្រិតគ្រប់គ្រាន់ស្មើនឹងប្រមាណ ៧ខែ នៃការនាំចូលទំនិញ និងសេវា ដែលខ្ពង់ជាងកម្រិតអប្បបរមាដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមានគឺ ៣ខែ។

បើតាមលោកទេសាភិបាលធនាគារជាតិ ចំពោះតម្លៃប្រាក់រៀល អត្រាប្ដូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកមានស្ថិរភាពល្អប្រសើរ ដោយមានកម្រិតមធ្យមប្រហាក់ប្រហែលនឹងគ្រាដូចគ្នាក្នុងរយៈពេល ៨ខែ ដំបូងឆ្នាំ២០២១ ក្រោមបរិការណ៍ដែលសកម្មភាពសេដ្ឋកិច្ចងើបឡើងជាលំដាប់។ ស្ថិរភាពអត្រាប្ដូរប្រាក់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការការពារអំណាចទិញរបស់ចំណូលប្រជាជន ក៏ដូចជាកាត់បន្ថយផលប៉ះពាល់ពីការកើនឡើងនៃអតិផរណា។

ចំពោះប្រព័ន្ធធនាគារ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ លោក ជា ចាន់តូ គូសបញ្ជាក់ថាកំពុងបន្តមានសុខភាពល្អ និងមានភាពធន់នឹងវិបត្តិ ព្រមទាំងបានចូលរួមកាត់បន្ថយផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ និងគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងដំណាក់កាលងើបឡើងវិញ។ ប្រព័ន្ធធនាគារបានបន្តផ្តល់ឥណទានដល់វិស័យឯកជន ជាមួយនឹងកំណើន ២៣% ហើយក៏បានកៀគរប្រាក់បញ្ញើ ដោយមានកំណើន ១៦% ផងដែរ។

ដោយឡែក សម្រាប់ឥណទានរបស់ប្រព័ន្ធធនាគារបានគាំទ្រការវិនិយោគនៅគ្រប់វិស័យសេដ្ឋកិច្ច ហើយធនាគារជាតិនៃកម្ពុជាបាននិងកំពុងបន្តតាមដានយ៉ាងប្រុងប្រយ័ត្ន លើហានិភ័យនានាជាប្រចាំ។

គួរបញ្ជាក់ថា ក្រោមការអនុវត្តកម្មវិធីរៀបចំឥណទានឡើងវិញ ប្រព័ន្ធធនាគារបានរៀបចំឥណទានដល់ក្រុមហ៊ុន សហគ្រាស និងឯកត្តបុគ្គល ដែលរងផលប៉ះពាល់ពីវិបត្តិ ដែលជួយរក្សានិរន្តរភាពនៃអាជីវកម្ម ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជន។

ទន្ទឹមនេះ ប្រព័ន្ធទូទាត់ក៏ត្រូវបានធ្វើទំនើបកម្ម ផ្អែកលើបច្ចេកវិទ្យាចុងក្រោយដូចជាប្រព័ន្ធបាគងដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន ដើម្បីបង្កើនប្រសិទ្ធភាពការទូទាត់អេឡិចត្រូនិកនៅកម្ពុជានិងការតភ្ជាប់ជាមួយបណ្តាប្រទេសនៅក្នុងតំបន់៕