គយ ប្រមូលចំណូលបានប្រមាណ ២ពាន់លានដុល្លារ រយៈពេល៩ខែឆ្នាំ២០២២

សង្គម​និង​សេដ្ឋកិច្ច

នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលពន្ធ និងអាករបានចំនួន ២០២២.២លានដុល្លារ ស្មើនឹង៧៨.៦១ភាគរយនៃផែនការច្បាប់ថវិកាជាតិ។

ការអនុវត្តន៍ផែនការចំណូលក្នុងឆ្នាំ២០២២នេះ អាចនឹងគ្រប់ផែនការ ឬលើសផែនការតិចតួច លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លើកឡើងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៥ ខែតុលានេះ គូសបញ្ជាក់ថាដោយសារតែពេលនេះជាកាលៈទេសៈ និងពេលវេលាមួយឆ្លងផុតការលំបាក ព្រោះថា ក្នុងឆ្នាំ២០២០-២០២១ ជាពេលវេលាដែលលំបាក បង្កឡើងដោយការរីករាលដាលនៃជំងឺកូវីដ១៩ រហូតដល់មានការបិទខ្ទប់ប្រទេសផងដែរ ដែលជាមូលហេតុធ្វើឲ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលមិនគ្រប់ផែនការ។

លោកបន្តថា ក្នុងឆ្នាំ២០២០ អគ្គនាយកដ្ឋានគយ ប្រមូលចំណូលបានត្រឹមតែ ៨៣.៥ភាគរយនៃច្បាប់វិកា និងឆ្នាំ២០២១ ប្រមូលបានត្រឹមតែ ៨៧ភាគរយនៃផែនការប៉ុណ្ណោះ។

យ៉ាងណា សម្រាប់នៅឆ្នាំ២០២១កន្លងទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករប្រមូលចំណូលបាន ៩ ២៩៥.៧ ប៊ីលានរៀលស្មើនឹង ២ ២៩៥.២ លានដុល្លារថយចុះប្រមាណ ៥.១% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២០៕

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព