វៀតណាម សំណូមពរកម្ពុជាពិនិត្យលទ្ធភាពសិក្សាអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរវាងប្រទេសទាំងពីរ

សង្គម​និង​សេដ្ឋកិច្ច

ក្នុងជំនួបពិភាក្សាការងារជាមួយទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ កាលពីពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក ង្វៀន ហ៊ុយថាំង បានជំរុញឱ្យកម្ពុជាពិនិត្យលទ្ធភាពសិក្សាគម្រោងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរវាងប្រទេសទាំងពីរ និងពិនិត្យឡើងនូវអនុស្សរណៈយោគបល់គ្នា (MoU) ចំពោះកូតារថយន្តដឹកជញ្ជូនឆ្លងកាត់ព្រំដែនពី ៥០០គ្រឿងទៅ៨០០គ្រឿង និងការជំរុញឱ្យមានការចុះហត្ថលេខាកំឡុងពេលកិច្ចប្រជុំអាស៊ាន នាដើមខែវិច្ឆិកាខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនេះ លោកសំណូមពរឱ្យមានការជំរុញការសិក្សា និងការអភិវឌ្ឍការតភ្ជាប់ផ្លូវហាយវេ និងផ្លូវល្បឿនលឿន រវាងប្រទេសទាំងពីរ, ការជំរុញឱ្យមានការសិក្សាលទ្ធភាពលើការសាងសង់ផ្លូវដែកត្រង់តភ្ជាប់ រាជធានីភ្នំពេញ និងទីក្រុងហូជីមិញ។

លើសពីនេះ លោក ង្វៀន ហ៊ុយថាំង ក៏ប្រាប់រដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពីការជំរុញឱ្យមានការអនុវត្តនីតិវិធីត្រួតពិនិត្យច្រកចេញតែមួយ ដើម្បីកាត់បន្ថយការចំណាយពេលវេលាយូរនៅច្រកទ្វារ អន្តរជាតិបាវិត-ម៉ុកបៃ ដែលបណ្តាលឱ្យមានការកកស្ទះ និងការតភ្ជាប់វិស័យ គមនាគមន៍ក្នុងតំបន់សេដ្ឋកិច្ច និងទេសចរណ៍ និងជាពិសេស ជើងហោះហើរត្រង់ពីទីក្រុងសៀមរាប ទៅកាន់ទីក្រុងហាឡុង ដើម្បីជំរុញកំណើនទេសចរណ៍របស់ប្រទេសទាំងពីរ។

ជាការឆ្លើយតប ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ចំណុចដែលលោកឯកអគ្គរដ្ឋទូតលើកឡើង គឺសុទ្ធតែជាចំណុចគន្លឹះល្អៗ ក្នុងការរឹតចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាពិសេសលើការតភ្ជាប់វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សំដៅចូលរួមចំណែកក្នុង ការលើកកម្ពស់វិស័យសេដ្ឋកិច្ច និងទេសចរណ៍ផងដែរ។

ដោយឡែក ទាក់ទងនឹងការតភ្ជាប់ផ្លូវល្បឿនលឿន លោក ស៊ុន ចាន់ថុល បានប្រាប់លោក ង្វៀន ហ៊ុយថាំង ថា ក្រសួងបានចុះអនុស្សរណៈយោគយល់លើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រួចរាល់ហើយ គ្រោងនឹងចុះកិច្ចព្រមព្រៀងសម្បទាន និងការបើកការដ្ឋានសាងសង់នាពេលខាងមុខ ហើយសង្ឃឹមថា គម្រោងសាងសង់ផ្លូវល្បឿនលឿនម៉ុកបៃ-ហូជីមិញ នឹងរួចរាល់ដំណាលគ្នា ដើម្បីតភ្ជាប់ក្នុងពេលនោះតែម្តង។ ដោយឡែកចំពោះច្រកទ្វារព្រំដែនព្រៃវល្លិ-ប៊ិញហៀប ក្រសួងនឹងរៀបចំការដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមវត្តមានមេដឹកនាំនៃប្រទេសទាំងពីរ៕