ក្នុងរយៈពេល ២ ខែទៀត ប្រទេសឥណ្ឌាត្រូវបានព្យាករថា នឹងក្លាយជាប្រទេសមានប្រជាជនរស់នៅច្រើនបំផុត ពោលច្រើនជាង ១,៤ ពាន់លាននាក់ ប៉ុន្តែពួកគេនឹងប្រឈមនឹងបញ្ហាស្ថិតិប្រជាជនមិនច្បាស់លាស់នៅរយៈពេល ១ ឆ្នាំបន្ទាប់ ឬអាចយូរជាងនេះ។
យោងតាមការចុះផ្សាយពី Reuters បានបង្ហាញថា មូលហេតុដែលឥណ្ឌានឹងត្រូវជួបបញ្ហាខាងលើ ដោយសាររៀងរាល់ ១០ ឆ្នាំម្ដង នឹងមានការស្រង់ជំរឿនប្រជាជនឥណ្ឌាម្ដង ប៉ុន្តែកាលពីឆ្នាំ ២០២១ ពួកគេអាក់ខានដកស្រង់ស្ថិតិ ដោយសារជំងឺរាតត្បាត ហើយឥឡូវនេះមានការរំខានដោយឧបសគ្គបច្ចេកទេស និងភ័ស្តុភារផង ដូច្នេះគ្មានសញ្ញាណាមួយដែលសមយុទ្ធដ៏ធំនេះទំនងជានឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះទេ។
បន្ថែមពីនោះ អ្នកជំនាញនិយាយថា ការពន្យារពេលក្នុងការធ្វើបច្ចុប្បន្នភាពទិន្នន័យដូចជា អត្រាការងារ លំនៅឋាន កម្រិតអក្ខរកម្ម គំរូនៃការធ្វើចំណាកស្រុក និងអត្រាមរណភាពទារក ដែលត្រូវបានចាប់យកដោយជំរឿន ប៉ះពាល់ដល់ការធ្វើផែនការសង្គម និងសេដ្ឋកិច្ច និងការបង្កើតគោលនយោបាយនៅក្នុងសេដ្ឋកិច្ចអាស៊ីដ៏ធំ។
គួររំលឹកដែរថា កាលពីចុងឆ្នាំមុន អង្គការសហប្រជាជាតិបានសន្និដ្ឋានថា កំណើនប្រជាជនឥណ្ឌា នឹងវ៉ាដាច់ចិន ពោលអាចកើនដល់ ១ ៤២៥ ៧៧៥ ៨៥០ នាក់នៅថ្ងៃទី ១៤ មេសា ២០២៣ និងក្លាយជាប្រទេសមានប្រជាជនរស់នៅច្រើនបំផុតលើលោក៕