ក្រុមហ៊ុន Apple កាលពីពេលថ្មីៗនេះ បានដាក់ពាក្យប្តឹងទៅលើក្រុមហ៊ុន OpenAI ដោយចោទប្រកាន់ក្រុមហ៊ុនបញ្ញាសិប្បនិម្មិតខ្នាតយក្សនេះថា បានរៀបចំគម្រោងលួចយកអាថ៌កំបាំងពាណិជ្ជកម្មរបស់ខ្លួន ដើម្បីយកទៅអភិវឌ្ឍឧបករណ៍ផ្នែករឹង (Hardware) ផ្ទាល់ខ្លួនសម្រាប់ AI របស់ពួកគេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

យោងតាមពាក្យបណ្តឹងដែលបានដាក់ទៅតុលាការសហព័ន្ធមួយក្នុងទីក្រុង San Jose រដ្ឋ California ក្រុមហ៊ុន Apple បានចោទប្រកាន់លើ OpenAI ថាបានព្យាយាមទាក់ទាញបុគ្គលិក និងទាញយកព័ត៌មានសម្ងាត់របស់ Apple ដើម្បីយកទៅបង្កើតឧបករណ៍ Hardware ផ្ទាល់ខ្លួន។
គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន Apple ក៏បានចោទប្រកាន់ទៅលើអតីតបុគ្គលិកសំខាន់របស់ខ្លួន គឺ លោក Tang Yew Tan ដែលបានប្រើឈ្មោះកូដគម្រោងសម្ងាត់ ក្នុងអំឡុងពេលសម្ភាសការងារជាមួយ OpenAI ដើម្បីណែនាំពីផលិតរបស់ Apple ដែលមិនទាន់ចេញផ្សាយ។ លោក Tan ក៏បានចោទប្រកាន់ផងដែរថា បានប្រាប់បុគ្គលិករបស់ក្រុមហ៊ុន Apple ឱ្យនាំយកគ្រឿងបន្លាស់ ដូចជាថ្ម បន្ទះឈីប និងគ្រឿងបន្លាស់សម្ងាត់ផ្សេងទៀត មកសម្ភាសការងារជាមួយ OpenAI ។
ជម្រាបជូនថា យោងតាមពាក្យបណ្តឹងខាងលើ បុគ្គលិកប្រហែល ៤០០ នាក់នៅ OpenAI សុទ្ធសឹងតែជាអតីតបុគ្គលិករបស់ក្រុមហ៊ុន Apple ។ ហើយជុំវិញបណ្តឹងនេះ ក៏បានបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃភាពតានតឹងរវាងក្រុមហ៊ុនដ៏ធំពីរដែលធ្លាប់បានសហការគ្នាក្នុងឆ្នាំ២០២៤ ដើម្បីរួមបញ្ចូលបញ្ញសិប្បនិម្មិត ChatGPT ទៅក្នុងផលិតផលរបស់ Apple៕

