ចិនរំពឹងទទួលបានចំណូលក្បែរ ៦០០ ពាន់លានដុល្លារ ពីវិស័យទេសចរណ៍ឆ្នាំនេះ

អន្តរជាតិ

បន្ទាប់ពីបិទច្រកព្រំដែនអស់រយៈពេលយ៉ាងយូរ រដ្ឋាភិបាលចិនបានប្រកាសបើកទ្វារស្វាគមន៍ភ្ញៀវទេសចរណ៍ឡើងវិញ កាលពីដើមឆ្នាំនេះ ជាមួយក្ដីរំពឹងថា វិស័យទេសចរណ៍នឹងមានកំណើនខ្លាំងឡើងវិញនៅឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ទិន្នន័យផ្ដល់ឲ្យដោយបណ្ឌិតសភាទេសចរណ៍ចិនបានបង្ហាញថា ចំណូលពីវិស័យទេសចរណ៍ក្នុងឆ្នាំ ២០២៣ អាចកើនដល់ ៤ ទ្រីលានយ៉ន់ ឬប្រមាណ ៥៨១ ពាន់លានដុល្លារ ច្រើនជាងឆ្នាំទៅ ៩៥% ហើយបើធៀបនឹងឆ្នាំ ២០១៩ ទំហំទឹកប្រាក់នេះគឺស្ថិតនៅប្រហែល ៧០% នាគ្រានោះ។

បន្ថែមពីនោះ ចំនួនភ្ញៀវទេសចរណ៍អាចនឹងកើនឡើងដល់ ៤,៥៥ ពាន់លាននាក់នៅឆ្នាំនេះ ច្រើនជាងឆ្នាំមុន ៨០%។

“មានការរំពឹងថា ទីផ្សារទេសចរណ៍ នឹងមានកំណើនកាន់តែខ្លាំងនៅត្រីមាសទី ២ ហើយនារដូវក្ដៅខាងមុខ វិស័យទេសចរណ៍នឹងងើបឡើងវិញទាំងស្រុងតែម្ដង”។ នេះបើតាមទិន្នន័យចេញដោយប្រភពដដែល។

គួររំលឹកដែរថា តាំងពីរដ្ឋាភិបាលចិនប្រកាសបើកច្រកព្រំដែន និងបន្ធូរបន្ថយវិធានការរឹតបន្តឹងកូវីដ ១៩ កំណើនភ្ញៀវទេសចរណ៍មានការកើនឡើងគួរឲ្យកត់សម្គាល់ តួយ៉ាងកាលពីពិធីបុណ្យចូលឆ្នាំចិននាពេលកន្លង តំបន់ទេសចរណ៍ក្នុងស្រុកនៃប្រទេសចិនស្ទើរទាំងអស់ មានការកកកុញសឹងគ្រប់កន្លែង៕