រោងចក្រស្បែកជើងមួយរបស់ចិន នឹងវិនិយោគនៅកម្ពុជា គ្រោងដំណើរការក្នុងពេលឆាប់ៗនេះ

សង្គម​និង​សេដ្ឋកិច្ច

រោងចក្រផលិតស្បែកជើងមួយរបស់ចិន រើសទីតាំងពីមីយ៉ាន់ម៉ា មកផលិតនៅកម្ពុជា ហើយគ្រោងនឹងបើកដំណើរការ នៅខែ មិថុនា ឆ្នាំ២០២៣ខាងមុខនេះ។នេះបើតាមការលើកឡើងរបស់លោក ហ៊ូ ឆាវហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូ ទៅកាន់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក អ៊ិត សំហេង បានលើកឡើងថា កម្ពុជាមានទីផ្សារនាំចេញផលិតផលស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ ទៅកាន់ទីផ្សារធំៗ ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុនជាដើម។

នៅក្នុងឱកាសនោះ លោក ហ៊ូ ឆាវហ៊ុយ បានឱ្យដឹងថា លោក មានបំណងស្វែងរកកិច្ចគាំទ្រការបង្កើតរោងចក្រផលិតស្បែកជើងនៅប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គ្រោងនឹងបើកដំណើរការ នៅក្នុងអំឡុងខែ មិថុនា ឆ្នាំ២០២៣ខាងមុខនេះ។ដោយលោក បានបន្តថា ក្រុមហ៊ុន មួយនេះ ត្រូវការបុគ្គលិកជិតមួយពាន់នាក់ ដើម្បីផលិតស្បែកជើងឱ្យបាន៧០ម៉ឺនគូរក្នុងមួយខែ ក្នុងការនាំចេញទៅកាន់អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក។

ជាមួយគ្នានោះ លោក អ៊ិត សំហេង បានក៏បញ្ជាក់ថា ការរក្សាបានទីផ្សារនាំចេញទាំងអស់នេះ ដោយសារតែកម្ពុជា បានអនុវត្តន៍នូវគោលនយោបាយពាណិជ្ជកម្មផ្សាភ្ជាប់ទៅនឹងលក្ខខណ្ឌការងារ ដោយធានាបាននូវនិរន្តរភាព នៃការការបញ្ជាទិញពីប្រេនធំៗរបស់ពិភពលោក។

ទន្ទឹមនឹងនោះ រដ្ឋមន្រ្តីក្រសួងការងារ ក៏បានស្នើដល់ក្រុមហ៊ុន ចូលរួមគោរពច្បាប់របស់កម្ពុជា ជាពិសេសច្បាប់ស្តីពីការងារ ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីសហជីព គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) និងបទប្បញ្ញត្តិផ្សេងៗពាក់ព័ន្ធវិស័យការងារ៕