ឯកអគ្គរដ្ឋទូតថ្មីអូស្រ្តាលី បង្ហាញបំណងចង់ឱ្យមានការវិនិយោគប្រកបដោយគុណភាព មកកាន់កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបសម្តែងការគួរសមជាមួយ លោក ខេវីន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្ត្រាលីប្រចាំកម្ពុជា នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ លោក ចាស្ទីន ខេវីន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្ត្រាលីប្រចាំកម្ពុជា មានបំណងលើកទឹកចិត្ត ឱ្យមានការវិនិយោគប្រកបដោយគុណភាព មកកាន់កម្ពុជា ខណៈដែលរដ្ឋាភិបាលអូស្ត្រាលី កំពុងរៀបចំ “យុទ្ធសាស្ត្រ សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍រហូតដល់ឆ្នាំ ២០៤០”។

ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្ត្រាលីប្រចាំកម្ពុជា បានប្តេជ្ញាពង្រឹង ទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា និងស្វែងរកកាលានុវត្តនានា ដើម្បីពង្រឹងភាពជាដៃគូ ក្នុង ក្របខ័ណ្ឌអាស៊ានអូស្ត្រាលី និងបានបញ្ជាក់ជាថ្មីថា អូស្ត្រាលី បន្តកិច្ច សន្ទនាដោយការគោរព ឈរលើមូលដ្ឋានស្មើភាព និងអធិបតេយ្យភាព សម្រាប់ទំនាក់ទំនងប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន ថ្លែងអំណរគុណចំពោះជំនួយ របស់ប្រជាជន និងរដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្ដល់ដល់កម្ពុជា គាំទ្រវិស័យនានា ដែលក្នុងនោះ រួមមានវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ ការដោះមីន ទំនាក់ទំនងរវាងប្រជាជននិង ប្រជាជន និងសុខាភិបាល រួមទាំងវ៉ាក់សាំងកូវីដ-១៩ ផងដែរ។

ភាគីទាំង២ក៏បានពិភាក្សាអំពីអភិក្រមនានាក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យ ពាណិជ្ជកម្មនិងវិនិយោគ សុខាភិបាល កសិកម្ម សមភាពយេនឌ័រ ព្រមទាំងសន្តិសុខនិង ការពារជាតិ ៕

អត្ថបទ៖ ស៊ីណាត