នាយឧត្តមសេ​នីយ៍ ហ៊ុន ម៉ាណែត ថ្លែងអំណរព្រះគុណព្រះមហាក្សត្រ និងអរគុណរាជរដ្ឋាភិបាល ផ្តល់នូវទំនុកចិត្ត និងឱកាសបន្តចូលរួមដឹកនាំពង្រឹងកងយោធពលខេមរភូមិន្ទ

សង្គម​និង​សេដ្ឋកិច្ច

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ត្រូវបានព្រះមហាក្សត្រ សម្រេចដំឡើងឋានន្តរស័ក្តិថ្នាក់ នាយឧត្តមសេនីយ៍។ មួយថ្ងៃបន្ទាប់ពីទទួលការដំឡើងជានាយឧត្តមសេនីយ៍ផ្កាយ៤ ថ្លែងពីលើវេទិកាក្នុងពិធីសម្ពោធសមិទ្ធផលនៅស្រុកកោះអណ្ដែត ខេត្តតាកែវ នៅថ្ងៃទី១៨ ខែមីនានេះ ឯកឧត្តម ហ៊ុន ម៉ាណែត​ បានថ្វាយនូវអំណរព្រះរាជគុណចំពោះព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ទ្រង់សព្វព្រះហឫទ័យដំឡើងឋានន្ដរស័ក្ដិដល់រូបលោកជា «នាយឧត្តមសេនីយ៍»​ នៃក្រសួងការពារជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានោះ ឯកឧត្តម ហ៊ុន ម៉ាណែត​ ក៏បានសម្ដែងនូវការអរគុណដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ចំពោះការផ្តល់នូវទំនុកចិត្ត និងឱកាសដល់រូបលោក ក្នុងការបន្តចូលរួមដឹកនាំពង្រឹងកងយោធពលខេមរភូមិន្ទតទៅមុខទៀត ក្រោមបុព្វហេតុបម្រើជាតិ សាសនា ព្រះហាក្សត្រ។

ឯកឧត្តម ហ៊ុន ម៉ាណែត បច្ចុប្បន្នជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក គឺ​ជា​បុគ្គល​លេច​ធ្លោ​ជាង​គេក្នុង​ចំណោម​ក្រុម​អ្នក​បន្ត​វេន​ជំនាន់​ក្រោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ជា​នាយឧត្តមសេនីយ៍​ពាក់​ផ្កាយ​៤​ដែលបាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​​បណ្ឌិត​សភា​យោធា​អាមេរិក West Point និង​បាន​ទទួលសញ្ញាបត្រ​បណ្ឌិត​សេដ្ឋកិច្ច​ពី​សកលវិទ្យាល័យ Bristol នៃ​ប្រទេស​អង់គ្លេស​។

តាម​រយៈ​ចំណេះដឹង​និង​បទពិសោធ​ការងារ​ទាំង​អស់​នេះ វា​មិន​ចម្លែក​ទេ​ដែល ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវ​អង្គ​សន្និបាត​នៃ​គណបក្ស​ប្រជាជន ផ្ដល់​សេចក្ដី​ទុក​ចិត្ត និង​បោះ​ឆ្នោត​អនុម័ត​ឱ្យ​ក្លាយ​ជា​បេក្ខភាព​នាយករដ្ឋ​មន្ដ្រី​បន្ត​ពី​សម្តេចតេជោ ហ៊ុន សែន​៕