លោក ស៊ុន ចាន់ថុល៖ កម្ពុជានៅតែជាដៃគូជាទីទុកចិត្តរបស់សហរដ្ឋអាម៉េរិក

សង្គម​ និង​សេដ្ឋកិច្ច

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា កម្ពុជានៅតែជាដៃគូជាទីទុកចិត្តរបស់សហរដ្ឋអាម៉េរិក និងជឿជាក់ថា ចំណងមិត្តភាពមួយនេះ នឹងបន្តរីកចម្រើនប្រកបដោយភាពរឹងមាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកថ្លែងបែបនេះ ក្នុងឱកាសអបអរសាទរខួបលើកទី២៤៩ នៃទិវាឯករាជ្យជាតិរបស់សហរដ្ឋអាម៉េរិក ៤កក្កដា និងខួបលើកទី៧៥ នៃចំណងទំនាក់ទំនងការទូតកម្ពុជា-អាម៉េរិក (១៩៥០ – ២០២៥) កាលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។

នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានថ្លែងថា ឆ្នាំនេះគឺជាឆ្នាំដ៏សំខាន់ នៃចំណងទំនាក់ទំនងការទូតប្រទេសទាំងពីររយៈពេល ៧៥ ឆ្នាំ ខណៈលោកថា ជាច្រើនទសវត្សរ៍មកនេះ ប្រទេសទាំងពីរបានកសាងនូវភាពជាដៃគូយ៉ាងរឹងមាំ ដោយផ្អែកលើគោលការណ៍គោរពគ្នាទៅវិញទៅមក និងសហប្រតិបត្តិការល្អ។ជាងនេះទៀត លោកថា ទំនាក់ទំនងទ្វេភាគីនេះ បាននិងកំពុងបន្តរីកលូតលាស់ ក៏ដូចជាពង្រីកវិសាលភាពបន្ថែមលើបណ្តាវិស័យដូចជា៖ ពាណិជ្ជកម្ម និងវិនិយោគ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វិស័យអប់រំ ការអភិរក្សវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។

បន្ថែមពីនេះ លោក ក៏បានបង្ហាញពីជំហររបស់កម្ពុជាដែរថា កម្ពុជានៅតែជាដៃគូជាទីទុកចិត្តរបស់សហរដ្ឋអាម៉េរិក និងជឿជាក់ថា ចំណងមិត្តភាពមួយនេះ នឹងបន្តរីកចម្រើនប្រកបដោយភាពរឹងម៉ាំ ជាមួយទិសដៅនិងសារៈសំខាន់ជាយុទ្ធសាស្ត្រ។ លោក សង្ឃឹមថា កម្ពុជានិងអាម៉េរិក នឹងបន្តកត់ត្រាភាពជាដៃគូពោរពេញដោយទំនុកចិត្តរវាងគ្នានិងគ្នាប្រកបដោយវឌ្ឍនភាពបន្តយូរអង្វែងទៅមុខទៀត៕

តាមរយៈខួបទី៧៥ឆ្នាំ នៃប្រទេសទាំងពីរ គឺបង្ហាញជាសក្ខីភាពជាក់ស្តែងនៃមិត្តភាពដ៏រឹងមាំ រវាងសហរដ្ឋអាម៉េរិក និងប្រទេសកម្ពុជា។ស្ថានទូតសហរដ្ឋអាម៉េរិក ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួម ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយកមម្ពុជាដើម្បីកសាងអនាគតមួយដែលមានភាព រុងរឿង សន្តិភាព និងការរីកចម្រើនរួមគ្នា។នេះបើតាមការបញ្ជាក់ពីលោកស្រី Bridgette L. Walker ភារធារីរបស់ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា៕