យីហោភីហ្សា​ខ្នាត​យក្ស​ប្រេន​អាមេរិក ជិត​បើក​ហាង​ថ្មី​ដំបូង យក​តំបន់​ទួលទំពូងវាយលុក​ទីផ្សារ​ស្រុក​ខ្មែរ

សង្គម​និង​សេដ្ឋកិច្ច

ភីហ្សាហាត់ (Pizza Hut) ដែលជាម៉ាកខ្នាតយក្សរបស់សហរដ្ឋអាមេរិក នឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជានៅខែសីហាខាងមុខនេះ ដែលនាំមកនូវរសជាតិភីហ្សា​លំដាប់ថ្នាក់ពិភពលោកដល់ពលរដ្ឋកម្ពុជា។ សាខាដំបូងបង្អស់ ដែលនឹងបើកនៅរាជធានីភ្នំពេញ នៅសង្កាត់ទួលទំពូង ដែលជាសង្កាត់ពេញនិយមរបស់ជនបរទេស ក៏ដូចជាតំបន់ពាណិជ្ជកម្មដ៏មមាញឹកផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន United Food Group ដែល​ជាក្រុមហ៊ុនក្នុងស្រុកដែលមានបុត្រសម្ពន្ធភោជនីយដ្ឋាន Park Café ដែលមានឈ្មោះល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ទទួលបានសិទ្ធិអាជីវកម្មផ្តាច់មុខ ខណៈ​ក្រុមហ៊ុន​មានផែនការពង្រីកសាខាចំនួន ៣០ហាង ក្នុងរយៈពេល២ ទៅ៣ឆ្នាំ ខាងមុខ។

ភីហ្សាហាត់ជាបុត្រសម្ពន្ធរបស់ Yum! Brands, Inc. (NYSE: YUM) ដែលមានហាងភីហ្សាច្រើនជាងគេនៅលើពិភពលោក បង្កើតឡើងនៅឆ្នាំ១៩៥៨ មានប្រតិបិត្តិការជាង ១៨,០០០ហាង នៅជាង ១០០ ប្រទេសលើពិភពលោក។

ក្រុមហ៊ុនយូណាយធីតហ្វូតគ្រុប(UFG) គឺជាក្រុមហ៊ុនម្ហូបអាហារដែលគ្រប់គ្រងដោយ V Trust Group វិនិយោគជាមួយ EMIA កម្ពុជាដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។ ក្រុមហ៊ុន UFG បង្កើតឡើងនៅក្នុងឆ្នាំ 2020 ជាមួយចក្ខុវិស័យ ក្នុងការផ្តល់ជូន ម្ហូបអាហារដែលមានរសជាតិ ឆ្ងាញ់ សុវត្ថិភាព និងបទពិសោធន៍ដ៏រំភើបជាមួយស្តង់ដារលំដាប់ថ្នាក់ពិភពលោកជូនប្រជាជនកម្ពុជា៕