ប្រធានាធិបតីអាមេរិក ចុះហត្ថលេខាលើកញ្ចប់ជំនួយតម្លៃជាង ៦០ពាន់លានដុល្លា​ ទៅឲ្យអ៊ុយក្រែន

អន្តរជាតិ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក​ ចូ បៃដិន កាលពីថ្ងៃពុធ ទី២៤ ខែមេសាកន្លងទៅ បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ថ្មីមួយ ស្តីពីការផ្តល់កញ្ចប់ជំនួយដែលតម្លៃដល់ទៅ ៦១ពាន់លានដុល្លារ សម្រាប់ប្រទេសអ៊ុយក្រែន បន្ទាប់ពីទទួលបានការអនុម័តដោយសភា និងព្រឹទ្ធសភា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កញ្ចប់ជំនួយថ្មីនេះ ដែលរួមបញ្ចូលទាំងការផ្តល់ជូនអាវុធរួមមាន យន្តហោះការពារដែនអាកាស និងគ្រាប់មីស៊ីល ត្រូវបានធ្វើឡើងបន្ទាប់ពីមានការពន្យារពេលជាច្រើនខែ ខណ:ពេលដែលកងកម្លាំងអ៊ុយក្រែន កំពុងខ្វះខាតគ្រាប់រំសេវ និងទទួលរងការបរាជ័យនៅក្នុងសមរភូមិ។

នៅពេលនិយាយអំពីការចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ថ្មីនេះ លោក បៃដិន បានបញ្ជាក់ថា នេះគឺជាការផ្តល់ការគាំទ្រយ៉ាងសំខាន់ដល់ដៃគូរបស់អាមេរិក ដើម្បីអាចឲ្យពួកគេការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងដល់អធិបតេយ្យភាពរបស់ពួកគេ និងដល់អាយុជីវិត រួមទាំងសេរីភាពរបស់ពលរដ្ឋពួកគេផងដែរ។

ជម្រាបជូនផងដែរថា ក្រោយការប្រកាសអំពីការផ្តល់ជំនួយចុងក្រោយនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ក៏បានចេញសារថ្លែងអំណរគុណដល់លោក បៃដិន នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ ដោយនិយាយថា លោកនឹងដឹងគុណចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក និងប្រជាជនអាមេរិកទាំងអស់៕