រដ្ឋផ្តល់ភ្លើងខៀវឲ្យក្រុមហ៊ុនជាប់ខ្សែស្រឡាយអ្នកជំនួញល្បីឈ្មោះម្នាក់ បូម ស្តារ ផ្លូវនាវាចរណ៍តាមដងទន្លេ និងនាំខ្សាច់ទៅក្រៅប្រទេស

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ថ្មី​​មួយ ឈ្មោះថា ក្រុមហ៊ុន GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD. ធ្វើការបូម ស្តារ ផ្លូវនាវាចរណ៍តាមដងទន្លេ និងនាំខ្សាច់ចេញទៅក្រៅប្រទេស។​ នេះបើតាមទីស្តីការ​គណៈរដ្ឋមន្ត្រី បានឲ្យដឹងកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ។

សេចក្តីជូនដំណឹងរបស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី ដែលចុះផ្សាយ​ដោយ​កាសែត​រស្មី​កម្ពុជា នៅថ្ងៃសៅរ៍ម្សិលមិញ បានបញ្ជាក់ថា រដ្ឋាភិបាលយល់​​ព្រមឱ្យ ក្រុមហ៊ុន GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD. បូមស្តារផ្លូវនាវាចរណ៍ដើម្បីយកខ្សាច់ មកផ្គត់ផ្គង់តម្រូវការ​នៅ​ក្នុងស្រុក ហើយក្នុងករណីខ្សាច់ នៅសល់​ ក៏​អនុញ្ញាតឱ្យនាំចេញទៅក្រៅប្រទេសដែរ។ ចំពោះខ្សាច់​ដែល​នៅសល់​ដែល​នាំចេញ​ក្រៅ​ស្រុក​នេះ គឺ​​ក្រុមហ៊ុនត្រូវដាក់ពាក្យស្នើសុំ​ក្រសួងរ៉ែនិងថាមពល ​ដោយបញ្ជាក់ពីបរិមាណ និង ទីតាំងជាក់លាក់ត្រូវបូម ដើម្បីក្រសួង ពិនិត្យវាយតម្លៃបច្ចេកទេស ចៀសវាងផលប៉ះពាល់ដល់បរិស្ថាន និងសង្គម។

សូមជម្រាបថា កាលពីខែមីនាឆ្នាំមុន រដ្ឋាភិបាលកម្ពុជា ក៏បានអនុញ្ញាត ឱ្យក្រុមហ៊ុនចតុមុខ រឺសសស៍សឹបផ្លាយ អ៊ីមផត អិចផត បូមស្តារខ្សាច់ និងបូមល្បាប់ភក់តាមដងទន្លេបាសាក់ និង ទន្លេមេគង្គ ផងដែរ។

ទោះជាយ៉ាងណា នៅថ្ងៃអាទិត្យ​ ទី​២៦ធ្នូនេះ សារព័ត៌មានឧកញ៉ាញូស៍ មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​​បន្ថែមបាន​ទេ​ ពីអគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ និងជាអ្នក​នាំពាក្យក្រសួងរ៉ែនិងថាមពល លោក​ អ៊ឹង ឌីប៉ូឡា។

ប្រភពពីមន្ត្រីរដ្ឋាភិបាលកម្ពុជាម្នាក់ ថ្លែងសុំមិនបង្ហាញឈ្មោះប្រាប់សារព័ត៍មានឧកញ៉ាញូស៍ដែលថា ក្រុមហ៊ុន​គ្លូប៊ល ហ្រ្គីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន ត្រូវបានចុះបញ្ជីក្រសួង​ពាណិជ្ជកម្ម នៅ​ពាក់កណ្តាល​ឆ្នាំ២០១៣ ដែល​មាន​ថ្នាក់ដឹកនាំក្រុមហ៊ុន គឺ​ Try DALIN, Try DALUX, ​Try DAPHORS ដែល​សុទ្ធសឹង​ជា​ខ្សែស្រឡាយ នៃ​​វង្សត្រកូល​អ្នកឧកញ៉ា ទ្រី ភាព បុរសខ្លាំង​ ល្បីល្បាញ​ខាង​វិស័យ​ព្រៃឈើ​នៅកម្ពុជា ដែលលោកនិងភរិយាទើបតែព្រះមហាក្សត្រផ្តល់គោរមងារបន្ថែមជាអ្នកឧកញ៉ាកាលខែដើមធ្នូនេះ៕

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព