អ្នកជំនាញចង់ប្រែក្លាយស្រុកអង្គរបូរី ឱ្យទៅជាតំបន់ផលិតនិងចែកចាយបង្កងបែបធម្មជាតិ ធំជាងគេនៅក្នុងប្រទេស

សង្គម​និង​សេដ្ឋកិច្ច

បន្ទាប់ទទួលបានជោគជ័យនៅក្នុងវិស័យវារីវប្បកម្ម ពិសេសលើការចិញ្ចឹមបង្កងបែបធម្មជាតិអស់រយៈពេលជិត២០ឆ្នំាមកនេះ លោក ព្រំ វ៉ាត រស់នៅភូមិព្រៃសំបួរ ឃុំអង្គរបូរ ស្រុកអង្គរបូរី ខេត្តតាកែវម្នាក់ចង់ប្រែក្លាយទីតំាងស្រុកអង្គរបូរីឱ្យក្លាយទៅជាតំបន់ផលិតនិងចែកចាយបង្កងធំជាងគេនៅទូទំាងប្រទេសនៅថ្ងៃអនាគត ផ្អែកលើចំណេះជំនាញរៀនមកពីប្រទេសវៀតណាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ព្រំ វ៉ាត អ្នកជំនាញខាងវារីវប្បកម្មបានឱ្យដឹងថា នៅដើមឆ្នំា២០២៤ខាងមុខនេះលោកមានគម្រោងចិញ្ចឹមបង្កងប្រហែល៥០ម៉ឺនកូននៅលើផ្ទៃដីប្រមាណ១៥ហិកតាក្នុងតំបន់ ក្រៅពីចង់បង្ហាញឱ្យឃើញពីការចិញ្ចឹមបង្កងមានការរីកចម្រើននិងរក្សាបានអត្តសញ្ញាណបង្កងឆ្ងាញ់ជាងគេ គឺយើងមានគោលបំណងចង់ប្រែក្លាយស្រុកអង្គរបូរីនេះកា្លយជាតំបន់ផលិតនិងចែកចាយបង្កងបែបធម្មជាតិឱ្យបានទូទំាងប្រទេសនៅថ្ងៃអនាគត ដោយការផ្គត់ផ្គងបង្កងទំាងអស់ត្រូវចេញពីតំបន់យើងទៅ ព្រោះយើងទទួលបាននៅគម្រោងអភិវឌ្ឍន៍តេជោ១០០ ដែលថវិកាចំនួន២០ម៉ឺនដុល្លារសម្រាប់វិស័យវារីវប្បកម្មឬការចិញ្ចឹមបង្កងនេះ។

បើតាមអ្នកជំនាញខាងវារីវប្បកម្ម ផ្អែកលើគម្រោងអភិវឌ្ឍន៍តេជោ១០០នេះ នឹងធ្វើឱ្យវិស័យវារីវប្បកម្មនៅក្នុងស្រុកអង្គរបូរីមានការរីកចម្រើនកាន់តែធំនៅក្នុងតំបន់នេះ ពោលនឹងប្រែក្លាយស្រុកអង្គរបូរីក្លាយជាតំបន់ផលិតនិងចែកចាយបង្កងធំជាងគេនៅទូទំាងប្រទេសនៅថ្ងៃអនាគត។

លោក ព្រំ វ៉ាត មានប្រសាសន៍ថា« នៅពេលខាងមុខយើងនឹងបង្ហាត់បង្រៀនដល់កសិករឱ្យពួកគាត់ងាកពីការធ្វើស្រែ មកចិញ្ចឹមបង្កងឱ្យបានកាន់តែច្រើនដើម្បីឱ្យមានជីវភាពធូរធា ហើយឱ្យគេដឹងថាស្រុកអង្គរបូរី ឬនៅខេត្តតាកែវដែលមានអតសញ្ញាណបង្កងដែលល្អជាងគេនៅទូទំាងប្រទេស។យើងជឿជាក់ថានៅថ្ងៃអនាគតយើងអាចប្រែក្លាយស្រុកអង្គរបូរី ឱ្យក្លាយជាតំបន់ផលិតនិងចែកចាយបង្កងធំជាងគេ ដោយសារយើងមានជំនាញ មានចំណេះដឹងច្រើននៅក្នុងផ្នែកវារីវប្បកម្ម ហើយនៅខាងរដ្ឋាបាលជលផលពួកគាត់ក៏មានការជំរុញដល់ការចិញ្ចឹមបង្កងនិងបង្កាត់បង្កងក្នុងស្រុកអង្គរបូរីកន្លងមក។ដូចនេះខ្ញុំជឿថា យើងធ្វើបានដោយសារយើងមានឆន្ទៈច្បាស់លាស់»។

លោកលើកឡើងថា នៅឆ្នំា២០០៦ រាជរដ្ឋាភិបាលតាមរយៈរដ្ឋបាលជលផល បានឱ្យខ្ញុំទៅរៀនបច្ចេកទេសភ្ញាស់បង្កងនៅប្រទេសវៀតណាម ហើយនៅក្នុងពេលនោះដែរខ្ញុំក៏បានចាប់ផ្តើមផលិតនិងចែកចាយកូនបង្កងទូទំាងប្រទេសរហូតមកទល់បច្ចុប្បន្ន។

លោក ព្រំ វ៉ាត គូសបញ្ជាក់ថា« តាមការសង្កេតមកដល់បច្ចុប្បន្ននេះអ្នកចិញ្ចឹមបង្កងបែបធម្មជាតិនៅក្នុងខេត្តតាកែវមានជាង២០កន្លែង ហើយនៅកសិដ្ឋានខ្លះកសិករចិញ្ចឹមពី៥ម៉ឺនកូនដល់១០ម៉ឺនកូនផ្អែកទៅតាមទំហំកសិដ្ឋានជាក់ស្តែង»៕

អត្ថបទ៖សារេត