កម្ពុជា បង្ហាញនិមិត្តសញ្ញាអាស៊ាន ក្រោយទទួលញញួជាប្រធានពេញមួយឆ្នាំ

សង្គម​និង​សេដ្ឋកិច្ច

ដូចការគ្រោងទុក កម្ពុជាបានក្លាយជាប្រធានអាស៊ានផ្លូវការលើកទី៣ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២។ ខណៈកាលពីចុងខែតុលា ឆ្នាំ២០២១ ប្រទេសព្រុយណេ ធ្វើជាម្ចាស់ផ្ទះនោះ បានប្រគល់ញញួរដើម្បីធ្វើជាម្ចាស់នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាឆ្នាំ២០២២ មកឱ្យកម្ពុជា។

នេះជាកិច្ចការទទួលធ្វើជាម្ចាស់នៃកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នៅក្នុងតំបន់លើកទី៣ហើយសម្រាប់កម្ពុជា ក្រោយក្លាយជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩។ លើកទី១ នៅឆ្នាំ២០០២ លើកទី២ នៅឆ្នាំ២០១២។

សម្តេច ហ៊ុន សែន បានអះអាងថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជានឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលសំខាន់ៗថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេច ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះថា «ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាប្តេជ្ញាចិត្តដឹកនាំអាស៊ានបោះជំហានទៅមុខក្រោមមូលបទ [អាស៊ានរួមគ្នាធ្វើ-ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា (ASEAN A.C.T. Addressing challenges Together)] ដើម្បីភាពសុខដុមរមនា, សន្តិភាព និង វិបុលភាព ក្នុងតំបន់ទាំងមូល»។

ទន្ទឹមនឹងនោះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានលាតត្រដាងនិងបង្ហាញនិមិត្តសញ្ញាក្នុងនាមខ្លួនជាប្រធានអាស៊ានពេញមួយឆ្នាំ២០២២។

ក្រសួងការបរទេស បានបង្ហាញថា មូលបទរបស់ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”។ ចំណែកនិមិត្តសញ្ញា៖ ត្របកឈូកគឺជាទម្រង់ក្បាច់ខ្មែរ តំណាងឱ្យភាពរុងរឿង និងភាពសុខដុមរមនានៃសន្តិភាពដែលប្រទេសសមាជិកអាស៊ានទាំង១០បានខិតខំបង្កើតឡើង។ ពណ៌ទាំងបីនៅលើស្រទាប់របស់វា គឺបានមកពីពណ៌នៃទង់ជាតិកម្ពុជា ចំណែកពណ៌មាសតំណាងឱ្យពណ៌ និង ភាពចម្រុះនៃអាស៊ាន។

ដោយឡែក សម្រាប់ស្មារតីស្នូល គឺ៖ ភាពរួបរួមគ្នា សាមគ្គីភាព និងភាពសុខដុមរមនា។ ហើយគោលបំណងសំខាន់របស់អាស៊ាន គឺរក្សាឱ្យបាននូវមជ្ឈភាព និងសាមគ្គីភាពរបស់អាស៊ាន រួមគ្នាដោះស្រាយបញ្ហាប្រឈម ធានាឱ្យបាននូវវឌ្ឍនភាពការងាររួមដែលមានស្រាប់ និងលើកកម្ពស់ការផ្តោតសំខាន់ទៅលើមនុស្សជាតិ។

ជាមួយគ្នានេះ អាស៊ាន ក៏បង្ហាញអំពីលទ្ធផលរំពឹងទុក រួមមាន៖ សេចក្តីថ្លែងការណ៍រួម និងសេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ការបន្តផែនការការងារ និងផែនការសកម្មភាព ព្រមទាំងការរៀបចំព្រឹត្តិការណ៍ និងសកម្មភាពសំខាន់ៗទាំងអស់។ អាស៊ាន បានត្រៀមខ្លួនរួចជាស្រេចពោរពេញទៅដោយទំនួលខុសត្រូវ ហើយយើងនឹងបំពេញតួនាទីនេះដោយមោទនភាពបំផុត៕