អាជ្ញាធរខេត្តកំពត កំពុងស្ថាបនាឆ្នេរសមុទ្រ ដើម្បីឱ្យអាចលេងកម្សាន្តបាន ដូចឆ្នេរកែប

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋបាលខេត្តកំពត ក្រោមការដឹកនាំរបស់លោកអភិបាលខេត្ត ម៉ៅ ធនិន កំពុង​មានផែនការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បន្ថែម ​​​ដោយ​គ្រោង​នឹង​ស្ថាបនា​ឱ្យ​មាន​រមណីយដ្ឋាន​​​ឆ្នេរ​ខ្សាច់​កម្សាន្ត ​​និង​សួន​កម្សាន្ត​​​​មួយ​ចំនួន​​ទៀត នៅ​ក្រុង​កំពត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​អភិបាល​ខេត្ត​ ម៉ៅ ធនិន ​​បាន​​បង្ហើប​ឱ្យ​ដឹង​​នៅ​ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២២​នេះ​​​ថា​ រដ្ឋបាលខេត្ត​បាន​រៀបចំផែនការស្ថាបនា​ ជាឆ្នេរកម្សាន្តព្រែកកំពតមួយ ដែល​មាន​ប្រវែង ២គីឡូម៉ែត្រ ស្ថិតនៅតំបន់កោះ​ស្មៅ​។ រីឯ​ការស្ថាបនាសួនកម្សាន្តដ៏ប្រណិតមួយទៀត គឺនៅ​ជាប់​ព្រែក​កំពត ដែលឋិតនៅចន្លោះស្ពានឥន្ទធនូ និងស្ពានថ្មី ក្នុងក្រុងកំពត។ លោក​អភិបាល ​បាន​បន្ត​ថា ខេត្តកំពត ជាខេត្តជាប់ឆ្នេរសមុទ្រ ដែលមាន​សក្តា​នុពល និងធនធានដ៏​សម្បូរ​​បែប​ ប៉ុន្តែខេត្តនេះ នៅមិនទាន់មានឆ្នេរសម្រាប់​ឱ្យភ្ញៀវទេសចរកម្សាន្ត​នៅឡើយ​នោះទេ ដូច្នេះ​​ហើយ​ទើប​មាន​គម្រោង​នេះ​ឡើង ខណៈ​ដែល​បច្ចុប្បន្ននេះ ក្រុមការងារ កំពុងតែចាក់ខ្សាច់​បំពេញជាបណ្តើរៗ​ហើយ ដើម្បី​អាច​កសាង បន្ទាប់ពីរៀប​ចំ​សម្អាត​មាត់ព្រែក និងការរុះរើសំណង់​លើដីចំណី​ព្រែករួចរាល់។

“គម្រោងស្ថាបនាឆ្នេរ និងសួនកម្សាន្តនេះ មិនទាន់ដឹងថា ត្រូវចំណាយ​ថវិកាចំនួនប៉ុន្មាននៅឡើយទេ ហើយ​នឹងត្រូវបញ្ចប់ការសាងសង់នៅពេលណានោះដែរ ដោយរដ្ឋបាលខេត្ត​កំពុង​សិក្សា​ពីការស្ថាបនានេះ ប៉ុន្តែ​សម្រាប់សួនកម្សាន្តវិញ គ្រោងបង្កើតឱ្យមានជា សួនច្បារលម្អ នៅលើវិថីរង្វ​ង់មូល​បាញ់​ទឹក សួនច្បារ​ស្វាគមន៍ សួនផ្ការំដួល ផែសម្រាប់អ្នកដំណើរ ចំណតយានយន្ត កន្លែងដាក់ភ្ញៀវទេសចរ និងស្ពាន​សម្រាប់​ចំណតទូក ដែលមានរូបរាងជាសណ្ឋានដូចឥន្ទធនូ”។ លោក ម៉ៅ ធនិន បាន​បញ្ជាក់​បន្ថែម។

គួររំឭក​ផង​ដែរ​ថា ​​កាល​ពី​ថ្ងៃទី​០៥ ខែ​ឧសភា ឆ្នាំ២០២២ ​​ក្នុងពិធីបើកការដ្ឋានសាងសង់​មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម និងកំពង់ផែពហុបំណង នៅក្នុងក្រុងបូកគោ ខេត្តកំពត លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រកម្ពុជា បាន​ទទួលស្គាល់ថា ឆ្នេរសមុទ្រដែលកម្ពុជាមាននេះ គឺជាទុនដ៏សំខាន់ក្នុងការទាក់ទាញ​អ្នកទេសចរ បង្កើតជាចំណូលសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។ លោកក៏​ បានអំពាវនាវដល់​អភិបាល​ខេត្ត​ជាប់ឆ្នេរទាំង៤ ខេត្តព្រះសីហនុ កំពត កែប និងកោះកុង ត្រូវប្រឹងប្រែងរួមគ្នាថែរក្សាឆ្នេរ​កុំឱ្យ​មានការរំលោភបំពានទៅធ្វើជាកម្មសិទ្ធិ និង​សង់សំណង់ផ្សេងៗ៕