មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ប្រជាកសិករអ្នកដាំដំឡូងមីជាង៥០គ្រួសារ នៅឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ស្ម័គ្រចិត្តចងក្រងជាសហគមន៍ទំនើប និងរួមគ្នាធ្វើពិពិធកម្មចេញពីដំណាំដំឡូងមី ដែលជាប្រភេទដំណាំតែងជួបបញ្ហាប្រឈមខាងផ្នែកទីផ្សារច្រើន និងងាកទៅដាំឈើហូបផ្លែជំនួសវិញ។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា បើតាមលទ្ធផលនៃការពិភាក្សាដែលបានឯកភាពគ្នាជាបឋម ផែនការធ្វើពិពិធកម្មចេញពីផ្ទៃដីដាំដុះដំឡូងមីប្រមាណ១០០ហិកតានេះ នឹងត្រូវបានរៀបចំឡើងជា២ជំហាន ដោយរដូវកាលទីមួយមានចំនួន៥០% និងបញ្ចប់ការដាំដុះដំឡូងមីទាំងស្រុងនៅក្នុងឆ្នាំបន្ទាប់។ សហគមន៍គ្រោងនឹងដាំដុះឈើហូបផ្លែដែលមានតម្លៃបន្ថែមខ្ពស់និងមានទីផ្សារស្រាប់ ដូចជាសាវម៉ាវ មង្ឃុត ប័រ និងផាស្យុង។
លោកលើកឡើងថា “ដើម្បីធានាឱ្យបានថាបងប្អូនកសិករជាសមាជិកមានប្រាក់ចំណូលគ្រប់គ្រាន់និងអាចទ្រង់ទ្រង់ជីវភាពប្រចាំថ្ងៃ ក្នុងអំឡុងពេលផ្លាស់ប្តូរពីដំណាំរដូវកាលទៅដំណាំរយះពេលវែង ក្រសួងកសិកម្មនឹងជួយបង្កើតមុខរបរថ្មី២ទៀតសម្រាប់សហគមន៍ ដោយរៀបចំផលិតកម្មបន្លែនិងមាន់ស្រែរួមគ្នានៅលើទីតាំងរួម ដែលមានប្រព័ន្ធស្រោចស្រពពេញលេញ ហើយយ៉ាងហោចណាស់មួយគ្រួសារនឹងមានផ្ទះសំណាញ់មួយខ្នងនិងទ្រង់មាន់មួយទៅតាមលទ្ធភាព”។

បើតាមលោក ឃឹម ហ្វីណង់ ដើម្បីទទួលបានចំណូលបន្ថែមដែរ សហគមន៍ក៏នឹងដាំដំណាំរយះពេលខ្លីមួយចំនួននៅចន្លោះឈើហូបផ្លែទាំងនោះ ដូចជាល្មៀត ស្លឹកគ្រៃ សណ្តែកសៀង និងចេកជាដើម។ ក្រសួងកសិកម្មនឹងផ្តល់ការគាំទ្រទាំងស្រុងទាំងលើដើមទុន បច្ចេកទេស និងទីផ្សារ ជូនដល់សហគមន៍របស់យើង ដើម្បីអនុវត្តផែនការពិពិធកម្មនេះប្រកបដោយជោគជ័យ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ស្តីពីស្ថានភាពនៃការនាំចេញផលិតផលដំណាំក្នុងឆមាសទី១ឆ្នាំ២០២៥ បានបង្ហាញថា ដំឡូងមីស្រស់បាននាំចេញនៅក្នុងឆមាសទី១បានប្រមាណ១,៥លានតោន ថយចុះជាង៥ភាគរយ, ចំណិតដំឡូងមីក្រៀមបាននាំចេញបានប្រមាណ១,២លានតោន កើនឡើងជាង៥៧ភាគរយបើប្រៀបធៀបនិងរយៈពេលដូចគ្នាឆ្នាំ២០២៤។
របាយការណ៍ខាងលើគូសបញ្ជាក់ថា ការនាំចេញដំឡូងមីស្រស់ថយចុះដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និងកែច្នៃជាម្សៅដើម្បីអាចរក្សាទុកបានយូរ និងមានតម្លៃខ្ពស់។ជាក់ស្តែងការនាំចេញដំឡូងមីក្រៀមបានកើនឡើងជាង៥៧ភាគរយ និងម្សៅដំឡូងមីកើនឡើងជាង៥៣ភាគរយ បើប្រៀបធៀបនិងរយៈពេលដូចគ្នាឆ្នាំ២០២៤។

