ចំពោះមុខសម្តេច ហ៊ុន សែន មេដឹកនាំយោធារដ្ឋប្រហារមីយ៉ាន់ម៉ា ប្រាប់ឲ្យគ្រប់ភាគីទាំងអស់ទទួល​អនុវត្ត​បទ​ឈប់​បាញ់​គ្នា

សង្គម​និង​សេដ្ឋកិច្ច
300 Shares

នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់មីយ៉ាន់ម៉ា លោក ម៉ីង អ៊ុងឡាំង បាន​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឱ្យទទួល​អនុវត្ត​បទ​ឈប់​បាញ់​គ្នា ដើម្បី​ផលប្រយោជន៍​ប្រទេសជាតិ​និង​ប្រជាជន បញ្ឈប់​រាល់​អំពើហិង្សា និង​ប្រកាន់​នូវ​ភាព​អត់ធ្មត់​ខ្ពស់បំផុត។ លោកលើកឡើងបែបនេះក្នុងជំនួបជាមួយប្រធានអាស៊ាន សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការចំនួន ២ថ្ងៃ ដើម្បីរកដំណោះស្រាយបញ្ហាជួបប្រទះក្រោយលោក ម៉ីង អ៊ុងឡាំង ធ្វើរដ្ឋប្រហារយោធាទម្លាក់លោកស្រី អ៊ុង សានស៊ូជី នាដើមឆ្នាំ២០២១កន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសេចក្តីប្រកាសរួមគ្នារវាងកម្ពុជា និងមីយ៉ាន់ម៉ាក្រោយជំនួប​នៅថ្ងៃ៧មករាម្សិលមិញ បានឪ្យដឹងថា ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ពិភាក្សា​អំពី​បញ្ហា​ទ្វេភាគី និង​បញ្ហា​តំបន់​មួយចំនួន ដែលជា​ផលប្រយោជន៍ និង​ក្តីកង្វល់​រួម​។ លើសពីនេះ ថ្នាក់ដឹកនាំ​ទទាំងពីរក៏និយាយអំពី​ការវិវត្ត​ថ្មីៗ​នៅក្នុង​ប្រទេស​រៀងៗ ខ្លួន​។ ខណៈទាក់ទង​នឹង​ការវិវត្ត​ថ្មីៗ​នៅ​មី​យ៉ាន់​ម៉ា នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីង អ៊ុងឡាំង បានបញ្ជាក់ សម្តេចនាយករដ្ឋមន្ត្រី ថា​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បានប្រកាស​បទ​ឈប់​បាញ់​គ្នា​ជាមួយ​អង្គការ​ប្រដាប់អាវុធ​ជនជាតិភាគតិច​ទាំងអស់ ក្នុង​រយៈពេល​៥​ខែ រហូតដល់​ចុងខែ​កុម្ភៈ ឆ្នាំ​២០២២ និង​បានសម្រេច​ពន្យារ​បទ​ឈប់​បាញ់​គ្នា​បន្ថែមទៀត រហូតដល់​ចុងឆ្នាំ​២០២២​។​

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានគាំទ្រ​យ៉ាងខ្លាំង ក្នុង​គោលបំណង​កាត់បន្ថយ​ភាព​តានតឹង និង​បើកផ្លូវ​ឱ្យមាន​កិច្ចសន្ទនា​ប្រកបដោយ​ស្មារតី​ស្ថាបនា រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ សំដៅ​ឈានទៅ​សម្រេចបាន​នូវ​ស​ន្ថិ​ភាព​យូរអង្វែង និង​ការអភិវឌ្ឍ​ជាតិ​។ ក្នុងន័យនេះ ​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ បាន​ស្វាគមន៍​ការចូលរួម​របស់​ប្រេសិត​ពិសេស របស់​ប្រធាន​អាស៊ាន ស្តីពី​មី​យ៉ាន់​ម៉ា ដើម្បី​ចូលរួម​ក្នុង​កិច្ចពិភាក្សា​អំពី​បទ​ឈប់​បាញ់​ជាមួយ​អង្គការ​ប្រដាប់អាវុធ​ជនជាតិភាគតិច​។

ទន្ទឹមនឹងនោះ ​សម្តេច ហ៊ុន សែន បាន​ចែករំលែក​អំពី​ភាពជោគជ័យ​នៃ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​របស់​កម្ពុជាដែល​សម្រេចបាន​នូវ​ការផ្សះផ្សា​ជាតិ សន្តិភាព​យូរអង្វែង ស្ថិរភាព ការអភិវឌ្ឍ និង​វិបុលភាព​។ បើតាមសម្តេច បទពិសោធន៍ និង​មេរៀន​ដែល​កម្ពុជា​ទទួលបាន​ពី​ដំណើរការ​សន្តិភាព​ សន្តិភាព​ពេញលេញ និង​ការបង្រួបបង្រួម​ជាតិ​មិនអាច​សម្រេច​បានទេ ប្រសិនបើ​គ្មាន​ការចូលរួម និង​ការ​ព្រមព្រៀងគ្នា​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​

​ក្នុង​ស្មារតី​នេះដែរ លោក មីង អ៊ុងឡាំង បាន​ធានា​ការសម្របសម្រួល​ដំណើរ​ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស​នៅ​មី​យ៉ាន់​ម៉ានិង​ការជួប​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ​ទាំងអស់រួមទាំង​អង្គការ​ប្រដាប់អាវុធ​ជនជាតិភាគតិច ដោយ​ពិចារណា​ទៅលើ​ស្ថានការណ៍​ជាក់ស្តែង​នៅ​មី​យ៉ាន់​ម៉ា​។​

​ភាគី​ទាំងពីរ​ក៏បាន​ផ្លាស់ប្តូរ​ទស្សនៈ​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគីដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​មិត្តភាព​ដែលមាន​ស្រាប់​រវាង​ប្រជាជន​ទាំងពីរ ជាពិសេស​ក្នុង​បរិបទ​នៃ​វិបត្តិ​សុខភាព​ពិភពលោក​។​

300 Shares