សម្តេច ហ៊ុន សែន បញ្ជាក់មូលហេតុអវត្តមានស្រ្តីទី១ ទទួលភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលចូលរួមកិច្ចប្រជុំអាស៊ាន

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងនាមប្រធានអាស៊ាន បានបញ្ជាក់ពីអវត្តមានសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន នៅក្នុងពិធីធំៗរយៈពេលកន្លងមក និងការប្រជុំអាស៊ាននាពេលខាងមុខ ដោយសារបញ្ហាសុខភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃអាទិត្យ ទី៦តុលានេះ សម្តេចតេជោ ហ៊ុន សែន សរសេរយ៉ាងដូច្នេះថា៖ “ពិតជាមានការងឿងឆ្ងល់ច្រើនអំពីការអវត្តមានភរិយាខ្ញុំក្នុងពិធីធំៗរយៈពេលកន្លងមកនិងការប្រជុំអាស៊ាននាពេលខាងមុខ។ ភរិយាខ្ញុំមានបញ្ហាសុខភាពទាក់ទងដល់ឆ្អឹងខ្នងដែលគ្រូពេទ្យតម្រូវឲ្យគាត់មិនអាចអង្គុយយូរបាន”។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងសូមការអធ្យាស្រ័យពីលោកជំទាវភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសនានាដែលនឹងអញ្ជើញមកកម្ពុជានាប៉ុន្មានថ្ងៃខាងមុខដែលភរិយាខ្ញុំមិនអាចចេញទទួលបានដោយសារស្ថិតក្នុងរយៈពេលនៃការព្យាបាល។

សូមជម្រាបថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ។ នេះបើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕