សម្តេច ហ៊ុន សែន ជួបបេសកជនពិសេស UN ស្វែងរកដំណោះស្រាយនៅមីយ៉ាន់ម៉ា

សង្គម​និង​សេដ្ឋកិច្ច
34 Shares

សម្តេច ហ៊ុន សែន សន្ទនាការងារតាមប្រព័ន្ធវីដេអូជាមួយប្រេសិតពិសេសថ្មី របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកស្រី ណូលីន ហេយហ្សឺ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បតិ៍ ទី១៣ មករានេះ។ ការសន្ទនាព្រឹកនេះ របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអង្គការសហប្រជាជាតិដោយសារឆ្នាំនេះ កម្ពុជាត្រូវធ្វើជាប្រធានអាស៊ាន ខណៈលោកស្រី ណូលីន ហេយហ្សឺ ជាបេសកជនពិសេសរបស់អគ្គលេខាធិកអង្គការសហប្រជាជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី ណូលីន ហេយហ្សឺ ពិតជារីករាយចំពោះអ្វីដែលសម្ដេច ហ៊ុន សែន ជំរុញការងារពាក់ព័ន្ធនឹងប្រទេសមីយ៉ាន់ម៉ានេះ ដែលជាស្មារតីមួយបន្ទាន់ពីសភាពការណ៍នៅមីយ៉ាន់ម៉ា។ លោកស្រីបញ្ជាក់ថា ក្នុងនាមសម្ដេច ហ៊ុន សែន ជាប្រធានអាស៊ាននេះ អង្គការសហប្រជាជាតិមើលឃើញថា សម្ដេចនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការអន្តរជាតិ ហើយលោកស្រីរំពឹងថាអង្គការសហប្រជាជាតិ ក៏ដូចជាលោកស្រីជាបេសកជនពិសេស របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ នឹងសហការគ្នា ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាផ្សេងៗក្នុងតំបន់ ជាពិសេសនៅមីយ៉ាន់ម៉ានេះតែម្ដង។

ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន បានអរគុណលោកស្រី ណូលីន ហេយហ្សឺ ដែលកន្លងមកធ្លាប់ធ្វើការជាមួយគ្នា ហើយយើងនឹងបន្តធ្វើការជាមួយគ្នាជាបន្តទៀត ។ សម្តេចក៏បាន អបអរសាទរចំពោះលោកស្រីដែលបានតែងតាំងជាបេសកជនពិសេស របស់អគ្គលេខាធិការអាស៊ាន ដែលដើរតួនាទីយ៉ាងសំខាន់ ស្ដីអំពីមីយ៉ាន់ម៉ានេះ ។

ទន្ទឹមនឹងនោះ សម្ដេចប្រធានអាស៊ានវិលជុំឆ្នាំ២០២២នេះ ក៏បានបង្ហាញអំពីដំណើរទស្សនកិច្ចការងាររបស់សម្ដេចទៅមីយ៉ាន់ម៉ាកាលពីពេលថ្មីៗនេះ គឺសំខាន់មិនចេញឆ្ងាយពីធម្មនុញ្ញអាស៊ាន ហើយចំណុចដែលបានឯកភាពគ្នាចំនួន៥ ក្នុងប្រទេសអាស៊ានទាំង១០នាពេលកន្លងទៅនោះទេ។

សម្ដេចបានគូសបញ្ជាក់ថា ថ្វីត្បិតតែក្នុងឆ្នាំ២០២១ ការងារអាស៊ានមិនបានដើររលូនទេ ដូច្នេះអ្វីដែលនៅសល់រហូតដល់ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាប្រធានអាស៊ាននេះ គឺគោលដៅសំខាន់ ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចទៅមីយ៉ាន់ម៉ានោះ គឺចង់រកមធ្យោបាយដើម្បីបញ្ចប់ភាពហិង្សា និងបញ្ចប់បទឈប់បាញ់ ដែលជាកត្តាសំខាន់ដែលស្ថិតនៅក្នុងចំណុចទាំង៥ ដែលអាស៊ានបានលើកឡើង ។ ហើយចំណុចមួយទៀតធ្វើយ៉ាងណាដើម្បីផ្ដល់ជំនួយមនុស្សធម៌ ដល់មីយ៉ាន់ម៉ា ដែលត្រូវការចាំបាច់នៅក្នុងគ្រានេះ។

សម្ដេច ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា យើងមិនអាចនៅជាប់គាំងបែបនេះនោះទេ គឺយើងត្រូវរកមធ្យោបាយដោះស្រាយបញ្ហាជាប់គាំងនេះ ដើម្បីចាប់យកឱកាសក្នុងការចរចា។ ជាមួយគ្នានោះ ការងារផ្ទៃក្នុងអាស៊ាននេះ យើងត្រូវតែធ្វើការជាមួយគ្នា ជាពិសេសដើម្បីឲ្យមានការឯកភាពគ្នា។

បើតាមសម្ដេច ហ៊ុន សែន ការងារអាទិភាពចំនួន២សំខាន់ ក្នុងចំណោមចំណុចដែលបានឯកភាពចំនួន៥ ទី១ បទឈប់បាញ់ និងបញ្ចប់អំពើហិង្សា។ សម្ដេចបានបញ្ជាក់ថា យើងត្រូវតែធ្វើការជាមួយគ្នា មិនត្រឹមតែអាស៊ានទេ អាចជាមួយអ្នកពាក់ព័ន្ធផ្សេងៗ ជាពិសេសទាំងអង្គការសហប្រជាជាតិផងដែរ។ សម្ដេចក៏បានបញ្ជាក់ទៀតថាការងារពាក់ព័ន្ធនឹងបទឈប់បាញ់នេះ សម្ដេចធ្វើយ៉ាងណាជំរុញឲ្យមាន អាស៊ានផ្លូវការនេះ និងអតីតប្រធានអាស៊ាន គឺប្រទេសប្រុយណេ និងប្រធានអាស៊ានក្រោយប្រទេសកម្ពុជា គឺប្រទេសឥណ្ឌូនេស៊ី បូកនិងអគ្គលេខាធិការអាស៊ាន ដើម្បីធ្វើការសម្របសម្រួលកិច្ចការនេះ ទី២ ការផ្ដល់ជំនួយមនុស្សធម៌ ពាក់ព័ន្ធទៅនឹងការងារមនុស្សធម៌ សម្ដេចតេជោបានមានប្រសាសន៍ថា ការងារនេះ គឺជាការងារសំខាន់របស់បេសកជនពិសេសអាស៊ាន អគ្គលេខាធិការអាស៊ាន និងមជ្ឈមណ្ឌលអាហារ រួមទាំងអ្នកសម្របសម្រួលខាងភាគីមីយ៉ាន់ម៉ា បូកនិងភ្នាក់ងារអង្គការសហប្រជាជាតិ។

នៅក្នុងការពិភាក្សានេះ សម្ដេច ហ៊ុន សែន និងលោកស្រី ណូលីន ហេយហ្សឺ បានឯកភាពគ្នានូវចំណុច ត្រូវតែមានការងារបន្ទាន់ ជាពិសេសបញ្ឈប់បទឈប់បាញ់ អំពើហិង្សា និងការផ្ដល់ជំនួយ ព្រមទាំងការសន្ទនាជាមួយភាគីពាក់ព័ន្ធទាំងអស់៕

34 Shares