ទឹកប្រាក់ជាង ២ ពាន់លានដុល្លារ ដែលឥណ្ឌូនេស៊ីបោះទុនទៅលើការសាង់រោងចក្រផលិតឧស្ម័នធ្យូងថ្មថ្មី

អន្តរជាតិ

ប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី លោក Joko Widodo បានបើកដំណើរការសាងសង់រោងចក្រផលិតឧស្ម័នធ្យូងថ្ម ដែលមានតម្លៃប្រមាណ ២,៣ ពាន់លានដុល្លារ កាលពីថ្ងៃចន្ទ ក្នុងគោលបំណងដើម្បីកាត់បន្ថយការនាំចូលឧស្ម័នធម្មជាតិរាវ (LPG) និងបង្កើនប្រសិទ្ធភាពប្រើប្រាស់ ធនធានធ្យូងថ្មដែលខ្លួនមាន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងរោងចក្រមួយនេះ ត្រូវបានរចនាឡើង ដើម្បីប្រើប្រាស់ធ្យូងថ្មនៅក្នុងកម្រិតទាប ជាមួយចំនួនប្រមាណ ៦ លានតោន ដើម្បីផលិតឱ្យបាន ១,៤ តោន នៃឧស្ម័ន Dimethyl ether (DME) ក្នុងមួយឆ្នាំ ហើយចំនួននេះ គឺអាចកាត់បន្ថយការនាំចូលឧស្ម័ន LPG របស់ប្រទេសឥណ្ឌូនេស៊ី បានរហូតដល់ចំនួន ១ លានតោន ក្នុងមួយឆ្នាំ ។ យ៉ាងណានេះបើតាមការលើកឡើងរបស់ក្រុមហ៊ុនរុករកធ្យូងថ្មរដ្ឋBukit Asam ដែលកំពុងទទួលបន្ទុកសាងសង់រោងចក្រនេះ នៅក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនអាមេរិក Air Products and Chemicals, Inc ។

ដោយឡែកយោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ក្នុងឆ្នាំ ២០២១ ប្រទេសឥណ្ឌូនេស៊ី បានប្រើប្រាស់ហ្គាស់ LPG ចំនួន ៧,៩៥ លានតោន ដោយក្នុងនោះ ៦,៤ លានតោន ត្រូវបាននាំចូល ។

គួរឱ្យដឹងផងដែរថា ប្រទេសឥណ្ឌូនេស៊ី បានធ្វើការបែងចែកថវិកាចំនួន ៦៦,៣ ទ្រីលានរូពៀ ក្នុងថវិកាបម្រុងទុកប្រចាំឆ្នាំ ២០២២ ដើម្បីឧបត្ថម្ភទៅលើការប្រើប្រាស់ឧស្ម័នធម្មជាតិរាវ LPG ក្នុងស្រុកមួយចំនួន ៕

ប្រភព: CNA