មេបញ្ជាការកងទ័ពជើងគោកថៃ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនក្នុងវិស័យកងទ័ពកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

នាយឧត្តមសេនីយ៍ ណារ៉ុងផាន ចិតកែវថា មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ក្នុងនោះក្នុងវិស័យកងទ័ពក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់។ លោកលើកឡើងបែបនេះ ក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃព្រហស្បតិ៍ ទី៣ កុម្ភៈនេះ នាក្រសួងការពារជាតិកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 9 people, people sitting, people standing and indoor

នាយឧត្តមសេនីយ៍ ណារ៉ុងផាន ចិតកែវថា បន្តថា នេះជាលើកទីមួយ ដែលប្រតិភូកងទ័ពជើងគោកភូមិន្ទថៃបានមកបំពេញទស្សនកិច្ចនៅកម្ពុជា បន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាល។

លោកក៏បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក ដូចជាកិច្ចសហប្រតិបត្តិការដោះមីននៅតាមបណ្ដោយព្រំដែន និងការហ្វឹកហ្វឺនជាដើម ដោយបានប្តេជ្ញាថានឹងបន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់នេះឲ្យកាន់តែជិតស្និទ្ធថែមទៀត។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ដែលថា ផ្តើមចេញពីការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលប្រទេសទាំងពីរ ធ្វើឱ្យគ្រប់វិស័យមានការរីកចម្រើន ពិសេសស្ថានភាពនៅតាមបន្ទាត់ព្រំដែនមានភាពល្អប្រសើរ ដែលជាគោលដៅចង់បានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបង្ហាញក្តីសង្ឃឹមថា ទៅថ្ងៃអនាគតកងទ័ពប្រទេសទាំងពីរ នៅតែបន្តសហការជាមួយគ្នាជិតស្និទ្ធថែមទៀត ក្នុងការផ្លាស់ប្តូរព័ត៌មានចារកិច្ច ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ជួញដូរអាវុធ អំពើភេរវកម្ម និង បទល្មើសធនធានធម្មជាតិព្រៃឈើ៕