ក្រសួងពាណិជ្ជកម្មបើកកិច្ចប្រជុំ ផ្តល់ក្តីសង្ឃឹមខ្ពស់សម្រាប់អ្នករកស៊ីក្នុងវិស័យចម្លាក់ ប្រាក់-ស្ពាន់ ស្មូនដី និងចម្លាក់ថ្ម 

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម ថ្មីៗនេះបើកកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារបង្កើតមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍តាមវិស័យ សម្រាប់ចម្លាក់ប្រាក់-ស្ពាន់ ស្មូនដី និងចម្លាក់ថ្ម នៅតាមបណ្តាខេត្តគោលដៅមួយចំនួន។ ខេត្តគោលទាំងនោះរួមមាន ខេត្តកណ្តាល ប្រកបអាជីវកម្មចម្លាក់ប្រាក់-ស្ពាន់ ខណៈខេត្តកំពង់ឆ្នាំង គឺស្មូនដី ចំណែកឯចម្លាក់ថ្ម គឺខេត្តពោធិ៍សាត់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការបង្កើតមជ្ឍមណ្ឌលជំរុញអភិវឌ្ឍន៍តាមវិស័យ ដែលមជ្ឈមណ្ឌលទាំងនេះនឹងចូលរួមដើរតួយ៉ាងសំខាន់ក្នុងការជំរុញអភិវឌ្ឍន៍ និងបង្កើតបរិយាកាសពាណិជ្ជកម្ម ទាក់ទាញទេសចរណ៍ អភិរក្សវប្បធម៌ ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណកេរ្តិ៍ដំណែលនៃផលិតផល និងភូមិសាស្ត្រ បង្កើនឱកាសពាណិជ្ជកម្ម និងពង្រីកទីផ្សារបន្ថែម។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មបានឯកភាពលើផែនការការងារពាក់ព័ន្ធនឹងការចុះពិនិត្យទីតាំងជាក់ស្តែង ការបង្កើតសមាគមតាមវិស័យនីមួយៗ ក៏ដូចជាការលើកតម្កើងកេរ្តិ៍ឈ្មោះផលិតផលជាតិ តាមរយៈការចុះបញ្ជីម៉ាក។

បើតាមក្រសួងពាណិជ្ជកម្ម ស្ថិតក្នុងវិបត្តិជំងឺកូវីដ-១៩ ដែលវិស័យទាំងនេះបានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដូចជាបញ្ហាទីផ្សារដោយសារមិនមានការបញ្ជាទិញ ភាពរអាក់រអួលនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ក៏ដូចជាការបាត់បង់កម្លាំងពលកម្មជំនាញ ជាដើម ដែលទាមទារឱ្យមានកិច្ចសហការជិតស្និទ្ធពីក្រសួង ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ។

លោក រាជ រ៉ា បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មនៅតែបន្តគាំទ្រចំពោះការងារលើកកម្ពស់កេរ្តិ៍ឈ្មោះ និងថែរក្សាអត្តសញ្ញាណខ្មែរ។ លោកថា បច្ចុប្បន្នក្រសួងបាននិងកំពុងរៀបចំគោលនយោបាយ និងក្របខណ្ឌយុទ្ធសាស្រ្តពាក់ព័ន្ធដើម្បីជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា ការដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្ម ការធ្វើប្រតិភូកម្មអំណាចទៅថ្នាក់ក្រោមជាតិ ក៏ដូចជាការបន្តធ្វើពិពិធកម្មទីផ្សារតាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងថ្នាក់តំបន់និងទ្វេភាគី ជាដើម៕