កូនខ្មែរម្នាក់ អតីតក្មេងឃ្វាលគោ បានបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាអាមេរិក និងបានជួប ចូ បៃដិន

សង្គម​និង​សេដ្ឋកិច្ច

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ សង្កេតឃើញកូនខ្មែរជាច្រើនរូបរួចមកហើយ បានបញ្ចប់ការសិក្សានៅបណ្តាលប្រទេសអភិវឌ្ឍន៍ធំៗលើពិភពលោក ក្នុងនោះភាគច្រើនគឺជាកូនមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល កូនមន្រ្តីទូត កូនអ្នកឧកញ៉ា ឧកញ៉ា ឬកូនអ្នកមានគ្រាក់ៗនៅកម្ពុជា។ ជាមួយគ្នានេះ ក៏ឃើញមានកូនអ្នកមានជីវភាពក្រខ្សត់ ឬក្រោមមធ្យមក៏ទទួលបានឪកាសសិក្សារៀនសូត្រនៅប្រទេសអភិវឌ្ឍន៍ទាំងនោះផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងថ្មីៗនេះ កូនខ្មែរម្នាក់ឈ្មោះ ពេជ្រ មូន (Moon Pich) ​​​ដែល​ធ្លាប់​កម្សត់​កម្រ​​​ជាអតីត​ក្មេង​ឃ្វាលគោ​ ​​បានបញ្ចប់ការសិក្សា​ពី​បណ្ឌិតសភាយោធាអាមេរិក​​ដោយ​ជោគជ័យ​ និង​មាន​​ឱកាស​បាន​ជួប​ផ្ទាល់​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ​​ចូ បៃដិន។

បុរស​ដែល​​ស្ថិត​នៅ​ក្រោម​ការ​មើលថែ​​ពី​លោកយាយ​ម្នាក់​ កាល​នៅ​តូច​រូប​នេះ​ បាន​សរសេរ​សារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុករៀបរាប់បរិយាយអំពីអតីតកាលកម្សត់កម្រកជាមួយដូនចចាស់​ នៅ​ព្រឹកថ្ងៃទី៣០ ខែឧសភា​នេះ​ថា៖ “អានុស្សាវរីយ៍នៃជីវិត៖ ១០ ឆ្នាំហើយដែលលោកយាយរក្សាទុកក្រម៉ា និងខ្សែគោ​ដែលខ្ញុំប្រើ ហើយរង់ចាំខ្ញុំត្រលប់ទៅស្រុកវិញ។ ខ្ញុំតែងប្រើវាសម្រាប់ជាថ្នក់ដាក់ បាយ ទឹក និងសៀវភៅ នៅពេល​ទៅឃ្វាលគោ ពេលរស់នៅឯស្រុកកំណើត។ ភាគច្រើន នៅក្នុងថ្នក់បាយមានតែ បាយនិងអំបិល ដែលលោក​យាយ​ខ្ចប់អោយប៉ុណ្ណោះ”

លោកបន្តថា៖ “ពេលនេះលោកយាយ បានយកខ្សែគោ និងក្រមាចាស់ នេះធ្វើជាកាដូ សម្រាប់ថ្ងៃ​បញ្ចប់​ការ​សិក្សា​របស់ខ្ញុំពីបណ្ឌិតសភាយោធាអាមេរិក។ គាត់បានប្រាប់ខ្ញុំថាគាត់រក្សាទុក ព្រោះពេលនឹកចៅម្ដងៗ យាយ​យកវាមកមើលដើម្បីកុំអោយនឹកចៅពេក។ លោកយាយបន្តទៀតថា ពេលនេះយាយប្រគល់វា​អោយចៅវិញ​ហើយ។ ទោះទៅដល់ទីណា សូមចៅកុំភ្លេចកំណើតរបស់ខ្លួនដែលធ្លាប់ជាក្មេងឃ្វាលគោអោយសោះ។ ខ្ញុំស្ទើរ​ស្រក់​ទឹកភ្នែក ពេលលឺអ្នកមានគុណដែលបីបាច់ថែរក្សាខ្ញុំ តាំងពីទើបនឹងកើត រហូតធំពេញវ័យ មានប្រសាសន៍​បែបនេះ។ វាជាកាដូដ៏មានតម្លៃបំផុតក្នុងជីវិតរបស់ខ្ញុំ។ សូមអរគុណលោកយាយជាទីគោរពស្រលាញ់របស់​ចៅ”៕