ស្ពាន​ចំនួន​ ​៧​កន្លែង ក្នុង​ខេត្ត​ក្រចេះនិង​ព្រៃ​វែង ​មាន​តម្លៃ​​សរុប៣៥​​លាន​ដុល្លារ សម្ពោធ​ដាក់ឲ្យ​ប្រើ​ប្រាស់​ថ្ងៃនេះ

សង្គម​និង​សេដ្ឋកិច្ច

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញ​​​ជាអធិប​តីភាព​​ជាមួយ​​ឯក​​ឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុង​​ខេត្ត​​ក្រ​​ចេះ និងព្រៃវែង ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ដែលតម្លៃប្រមាណ ៣៥លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ស្ពានទាំង ៧កន្លែងនេះ មាន​​ប្រវែង​​​សរុប ៦៧០ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពានមានប្រវែងសរុប ៣,៤២៤ម៉ែត្រ។ ស្ពានដែលបានសាងសង់នេះ មាន៥កន្លែង ស្ថិត​​នៅក្នុងខេត្តក្រចេះ តាមបណ្តោយផ្លូវជាតិលេខ៧៣ រួមមាន ស្ពានព្រែកសណ្តាន់ ស្ពានព្រែកឬស្សី ស្ពានអន្លង់ឃ្លេ, ស្ពាន​​ព្រែកឆ្លូង និងស្ពានពាមទេរ។ ដោយឡែកស្ពានចំនួន២កន្លែងទៀតគឺស្ថិតនៅ ក្នុងខេត្តព្រៃវែង តាម​​បណ្តោយ​​ផ្លូវ​​ជាតិលេខ១១ រួមមាន ស្ពានបាបោងលេខ១ និងស្ពានបាបោងលេខ២ ។

ឯកឧត្តម រដ្ឋមន្ត្រី ថាគម្រោងសាងសង់ស្ពានទាំង ៧កន្លែងនេះ គឺជាហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃប្រទេសជប៉ុន ជូន​​ដល់រាជរដ្ឋាភិបាលកម្ពុជា។ ស្ពានទាំង៧កន្លែងនេះ បានបើកការដ្ឋានសាងសង់កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨ និងបាន​​បញ្ចប់ការសាងសង់នៅអំឡុងខែធ្នូ ឆ្នាំ២០២០ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៩ខែ ចំណាយថវិកាអស់ប្រមាណ ៣៥​​លានដុល្លារអាមេរិក។

ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏ចាត់ទុកសមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ដែលកើត​​ចេញពី​ចំណង​​មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលនៃប្រទេសជប៉ុន ជូនដល់​បងប្អូន​​ប្រជាពល​​រដ្ឋខេត្តក្រចេះ ខេត្តព្រៃវែង ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង៕