អូមីក្រុង​ រាលដាលកាន់តែខ្លាំង មក​ដឹង​ថ្នាំពេទ្យទុក​ព្យាបាល​ ណែនាំ​ផ្លូវការ​ពី​ក្រសួង​សុខាភិបាល

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងសុខាភិបាល​​បាន​បង្ហាញ​ឈ្មោះ​ថ្នាំពេទ្យ​មួយ​ចំនួន និង​ណែនាំ​ពី​របៀប​ព្យាបាល​ជំងឺ​កូវីដ​-១៩ តាម​ផ្ទះ​។ ប៉ុន្តែ​ថ្នាំ និង​របៀប​ព្យាបាល​ជំងឺ​ដោយ​ខ្លួនឯង​នេះ ក្រសួង​បាន​ក្រើន​រំលឹក​ថា​ធ្វើ​បាន​សម្រាប់​តែ​ករណី​អ្នកជំងឺ គ្មាន​ចេញ​រោគសញ្ញា និង​មាន​រោគសញ្ញា​ដែរ ជា​រោគ​សញ្ញា​ស្រាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​អ្នកជំងឺ​ក្តៅ​ខ្លួន​ក្រោម ៣៧,៥ អង្សា គ្មាន​ក្អក គ្មាន​ហៀរ​សំបោរ គ្មាន​ឈឺបំពង់ក និង​សភាព​ទូទៅ​ធម្មតា មិន​ចាំ​បាច់​ប្រើ​ថ្នាំ​ព្យាបាល​ទេ​។ ករណីនេះ ចាត់ទុកថា​គ្មាន​រោគសញ្ញា។

បើ​អ្នកជំងឺ​ក្តៅ​ខ្លួន​លើស ៣៧,៥ មាន​ឈឺ​សាច់ដុំ ឬ​ឈឺបំពង់ក ចាត់​ទុកថា​មាន​រោគសញ្ញា​ស្រាល​។ ករណី​បែប​នេះ ត្រូវ​ប្រើ​ថ្នាំ​ប៉ារ៉ាសេតាម៉ុល។

ករណី​មាន​សញ្ញា​បន្ថែម ដូចជា តឹង​ច្រមុះ ឬ​ហៀរ​សំបោរ ឬ​ក្អក (​មាន ឬ​មិន​មាន​ស្លេស្ម​) ត្រូវ​ប្រើ​ថ្នាំ ប្រ៉ូម៉ិចស៊ីន (Bromhexine) ឬ​សេទីរីហ្ស៊ីន (Cetirizine)។

ជាមួយគ្នានេះ ក្រសួង​ក៏​បាន​ដាក់តឿន​បន្ថែមឲ្យ​អ្នកជំងឺ​នៅ​ដាច់​ដោយឡែក​ពី​គេ ហូប​អាហារ​មាន​ជីវជាតិ​គ្រប់គ្រាន់ និង​ពិសា​ទឹក​ឲ្យ​បាន​ច្រើន​ជា​ដើម។

កាលពីពេលថ្មីៗនេះដែរ​ ក្រសួង​សុខាភិបាល​បាន​អនុញ្ញាតិ​ឲ្យប្រើប្រាស់​ឱសថ «ម៉ូលណាទ្រីស» ឬ ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ​១៩ ចាប់​ពី​កម្រិត​ស្រាល​ទៅ​មធ្យម ចំពោះ​មនុស្ស​ពេញ​វ័យ អាយុ​ចាប់​ពី​ ១៨ ​ឆ្នាំ​ឡើង​ទៅ​។ ឱសថ​នេះមួយកំប៉ុង​តម្លៃប្រហែល ៥៥ ដុល្លារ ហើយដែល​ត្រូវ​លេប ១ ​ថ្ងៃ ​២ ​ដង ម្ដង​ ៤ ​គ្រាប់ ​ក្រោយពេល​​ទទួល​ទាន​អាហារ​រួច ឬ​ពេល​ពោះ​ទទេរ និង​គួរ​លេប​ទាំង​មូល​ជាមួយ​ទឹក​មួយ​កែវ ដោយមិន​ត្រូវ​បើក​គ្រាប់ កិន​បំបែក ឬ​ទំពារ​ឡើយ​។ នេះ​បើ​តាម​ការ​ពន្យល់​របស់​​ក្រុម​ការងារ​ចំពោះ​កិច្ច គ្រប់គ្រង បែង​ចែក និង​ផ្គត់ផ្គង់​ឱសថ​យុទ្ធសាស្ត្រ សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​។

ដោយឡែក​ឱសថ​ចិន LianHua QingWen JiaoNang ក៏ក្រសួង​អនុញ្ញាតឱ្យប្រើប្រាស់ ដើម្បីជួយដោះស្រាយរោគសញ្ញាជំងឺកូវីដ-១៩ ដែល​មានសមត្ថភាពអាចជម្រះមេរោគ និងបន្សាបជាតិពុលបណ្ដេញធាតុក្តៅចេញពីក្នុងសួត។ ឱសថនេះ​ ប្រើប្រាស់​សម្រាប់ព្យាបាលជំងឺផ្តាសាយ និងអាការមួយចំនួនរួមមាន ឡើងកម្តៅ រងារញាក់ ឈឺសាច់ដុំ តឹងច្រមុះ ហៀរសំបោរ ក្អក ឈឺក្បាល ស្ងួតក និងឈឺកជាដើម។

ទោះយ៉ាងណា ថ្នាំ LanHua QingWen JiaoNang មិនចេះតែប្រើតាមការនឹកឃើញនោះទេ ដោយអ្នកមានរោគសញ្ញាមិនស្រួលខ្លួន ត្រូវពិគ្រោះជាមួយគ្រូពេទ្យជា​មុន។

ដោយសារ​ការ​រីករាលដាលនៃ​កូវីដប្រភេទ​បំប្លែងខ្លួនអូមីក្រុង ក្រសួងសុខាភិបាលកាលពី​ថ្ងៃទី​១៧ កុម្ភៈ បាន​ចេញ​សារ​រំព្ញកថ្នាក់ដឹកនាំ​នៅតាមបណ្តាខេត្តនិងរាជធានីភ្នំពេញ​ ឱ្យពង្រឹងឡើងវិញ​នូវការ​អនុវត្ត​និតិវិធី​ប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និង​ព្យាបាលជំងឺ​កូវីដ១៩នៅតាមផ្ទះ។​ ការ​ក្រើន​​រំព្ញក​នេះធ្វើ​ឡើង​ ខណៈ​ដែល​កម្ពុជា​កំពុង​ផ្ទុះរាលដាល​ឆ្លង​រាលដាល​កូវីដ១៩ ប្រភេទអូមីក្រុង​ ក្នុង​សហគមន៍​ និង​ដោយមាន​ប្រជាពលរដ្ឋ​សម្រាក​ព្យាបាល​​ដោយខ្លួនឯង​នៅតាម​ផ្ទះ​ច្រើន​។ កម្ពុជាបានបន្តរកឃើញករណីឆ្លងកូវីដ១៩ ប្រភេទអូមីក្រុង នៅក្នុងសហគមន៍ក្នុងចំនួនមួយដ៏ខ្ពស់ជារៀងរាល់ថ្ងៃ។

តាម​ទិន្នន័យ​ដែល​ក្រសួង​ទើប​ប្រកាស​នៅថ្ងៃនេះ បាន​បន្ត​រកឃើញ​ករណី​ឆ្លង​ថ្មី ៤៨៨ នាក់ទៀត ជា​ប្រភេទ​វីរុស​បំប្លែង​ខ្លួនអូមីក្រុង​ទាំងអស់។ ទិន្នន័យ​ដែល​រដ្ឋាភិបាល​កត់​ត្រា​​ឆ្លង​មួយ​ថ្ងៃនេះ ​គឺ​ជា​ការ​បញ្ជាក់​លទ្ធផល​តាម​ការ​ធ្វើ​តេស្ត​ធំ​ប្រភេទ​ PCR ​ដែល​ប្រជា​ពលរដ្ឋ​ត្រូវ​ធ្វើ​នៅ​តាម​មន្ទីរ​ពេទ្យ​រដ្ឋ​មួយ​ចំនួន។​

ដោយឡែក តួលេខ​​ផ្លូវការចេញផ្សាយដោយក្រសួងសុខាភិបាលជាប្រចាំថ្ងៃនេះ មិនរាប់បញ្ចូលពីតួលេខអ្នកជំងឺសម្រាកព្យាបាលនៅតាមផ្ទះនោះទេ​៕