ក្រសួងមហាផ្ទៃ ចាប់ដៃសមាគមមួយ ធ្វើការបោសសម្អាតផលិតផលឱសថ ឧបករណ៍ប្រឆាំងជំងឺកូវីត-១៩ និងគ្រឿងសម្អាងក្លែងក្លាយនៅលើទីផ្សារ

សង្គម​និង​សេដ្ឋកិច្ច

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.) និងសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា (ស.ក.ប.ក.) បានចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការបង្កើតជាយន្តការនៃកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់រវាងស្ថាប័នទាំងពីរ ដើម្បីអនុវត្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយគ្នាលើការផ្តល់ការផ្សព្វផ្សាយ អប់រំ និងការផ្តល់ការគាំពារផ្នែកច្បាប់ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញានៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខាធ្វើឡើងនៅសណ្ឋាគារ Hyatt Regency ភ្នំពេញ ក្រោមវត្តមាននាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.ប.ផ.ក. និងលោក ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោកស្រីមេធាវី សេង វួចហ៊ុន ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា។

ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា លោកស្រីមេធាវី សេង វួចហ៊ុន បានបង្ហាញអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយ គ.ប.ផ.ក. ដែលជាដៃគូសហការយ៉ាងសំខាន់មួយ ក្នុងចំណោមដៃគូសហការជាច្រើនរបស់សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ហើយក៏ជាស្ថាប័នដែលមានការពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជាផងដែរ។

លោកស្រីបន្តថា នៅពេលដែលមានករណីបំពានលើកម្មសិទ្ធិបញ្ញាកើតឡើង គឺ គ.ប.ផ.ក. នេះហើយដែលជាតួអង្គដ៏សំខាន់ក្នុងការអនុវត្តច្បាប់ស្តីអំពីកម្មសិទ្ធិបញ្ញា។ ហេតុនេះ សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា និង គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សុទ្ធតែមានភាពចាំបាច់សម្រាប់ការស្វែងយល់បន្ថែមពីគ្នាទៅវិញទៅមក ដើម្បីឱ្យការបំពេញការងាររបស់ខ្លួនកាន់តែមានប្រសិទ្ធភាពខ្ពស់។

បើតាមនាយឧត្តមសេនីយ៍ មៀច សុផាន់ណា ខ្លឹមសារនៃអនុស្សសរណៈនេះ មានគោលបំណងសំខាន់ផ្តោតទៅលើការអប់រំ ការផ្សព្វផ្សាយ និងការផ្តល់ការគាំពារផ្នែកច្បាប់ពាក់ព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជារវាងគណៈកម្មាធិការ និងសមាគម។ លើសពីនេះ ការបណ្តុះបណ្តាល ការចែករំលែកបទពិសោធន៍ និងការផ្សព្វផ្សាយដល់ដៃគូវិស័យឯកជនដើម្បីបង្កើនការយល់ដឹងអំពីច្បាប់កម្មសិទ្ធិបញ្ញា ជាពិសេសការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលរំលោភលើកម្មសិទ្ធិបញ្ញានៅកម្ពុជា។

កន្លងមក រាជរដ្ឋាភិបាល ក៏បានខិតខំយកចិត្តទុកដាក់ប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយខុសច្បាប់ និងការរំលោភលើកម្មសិទ្ធិបញ្ញា ដើម្បីធានាសុវត្ថិភាព និងសេចក្តីទុកចិត្តទៅដល់ម្ចាស់អាជីវកម្ម និងសុខភាពប្រជាពលរដ្ឋ។ បញ្ហាផលិតផលក្លែងក្លាយ ការរំលោភកម្មសិទ្ធិបញ្ញា និងចំណីអាហារខូចគុណភាព ដែលមានផ្ទុកសាធាតុគីមី ដូចជាគ្រឿងឧបភោគ-បរិភោគ គឺបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព អាយុជីវិត និងសេដ្ឋកិច្ចសង្គមកម្ពុជា។

សូមជម្រាបថា នាពេលកន្លងមក គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក៏បានធ្វើការបង្ក្រាប និងបានធ្វើការបំផ្លាញចោលជាច្រើនលើក សរុបជាងមួយពាន់តោនរួចទៅហើយ ដែលផលិតផលទាំងអស់នោះ រួមមាន៖ ផលិតផលឱសថ ឧបករណ៍ សម្ភារៈសម្រាប់ប្រឆាំងជំងឺកូវីត-១៩ ដែលអន់គុណភាពគ្មានស្តង់ដារ និង ខុសច្បាប់ ផលិតផលគ្រឿងសំអាង ផលិតផលប្រើប្រាស់ និងគ្រឿងឧបភោគ-បរិភោគខុសច្បាប់ និងខូចគុណភាព ក៏ដូចជាផលិតផលប្រើប្រាស់ទូទៅជាច្រើនសន្ធឹកសន្ធាប់ ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ជាច្រើននាក់ផងដែរ៕