សម្តេច ហ៊ុន សែន៖ មិនអាចទៅរួចឡើយដែលផែទឹកជ្រៅខេត្តព្រះសីហនុ ជាប់អន្ទាក់បំណុលចិន

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងក្នុងពេលបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ ៣ហិកតា នាព្រឹកថ្ងៃអង្គារ៍ ទី២២កុម្ភៈនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញមកបញ្ជាក់ជុំវិញផែទឹកជ្រៅខេត្តព្រះសីហនុ បន្ទាប់ពីមានអ្នកវិភាគមួយចំនួនចោទថា កម្ពុជាជាប់អន្ទាក់បំណុលចិន លើបញ្ហាផែទឹកជ្រៅខេត្តព្រះសីហនុ មានម្លៃ ២១៨ លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចថ្លែងថា ផែទឹកជ្រៅជប៉ុនជួយ ហេតុអ្វីបានជាថាអន្ទាក់បំណុលរបស់ចិន។ តែយ៉ាងណា ប្រមុខរាជរដ្ឋាភិបាលបានអះអាងថា៖ “មិនអាចទៅរួចឡើយដែលផែទឹកជ្រៅខេត្តព្រះសីហនុ ជាប់អន្ទាក់បំណុលចិនដូចករណីនៅប្រទេសស្រីលង្កា”។

បើតាមសម្តេច ហ៊ុន សែន ផែទឹកជ្រៅនៅខេត្តព្រះសីហនុ ដែលកំពុងដំណើរការទំនិញចេញចូល មានការរ៉ាប់រងពីជប៉ុន ដោយជប៉ុនក៏មានភាគហ៊ុនផងដែរ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុបានកំណត់កាលវិភាគសាងសង់ស្ថានីយកំពង់ផែទឹកជ្រៅដល់ពាក់កណ្តាលឆ្នាំ ២០២២ ដោយការសាងសង់គ្រោងនឹងចំណាយពេល ៣ ឆ្នាំ ដែលមានប្រវែង ៣៥០ ម៉ែត្រនិងជម្រៅទឹក ១៤.៥០ ម៉ែត្រ។ ការស្ថាបនាកំពង់ផែទឹកជ្រៅនេះត្រូវបានគេប៉ាន់ស្មានថាមានតម្លៃ ២១៨ លានដុល្លារដែលនឹងមានប្រភពតាមរយៈជំនួយអភិវឌ្ឍផ្លូវការ (ODA) ពីប្រទេសជប៉ុន។

ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់បាននិយាយថា កំពង់ផែទឹកជ្រៅនេះនឹងបម្រើសេវាកម្មប្រមាណ ៩៣% នៃនាវាធំៗទាំងអស់ដែលធ្វើដំណើរក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

សូមជម្រាបថា កំពង់ផែទឹកជ្រៅគឺជាដំណាក់កាលដំបូងនៃការពង្រីកចំណតផែ។ កំពង់ផែស្វយ័តក្រុងព្រះសីហនុក៏មានគម្រោងដំណាក់កាលទី ២ និងទី ៣ ផងដែរដែលនឹងត្រូវចាប់ផ្តើមបន្ទាប់ពីទទួលបានជោគជ័យ​នៃប្រតិបត្តិការដំណាក់កាលទី ១៕