ប្រធានសម្របសម្រួលUN៖ ភាពជោគជ័យជាគំរូរបស់កម្ពុជាជាបទពិសោធន៍ដែលអាចយកទៅប្រើប្រាស់នាពេលអនាគត

សង្គម​និង​សេដ្ឋកិច្ច

លោកជំទាវ ប៉ូលីន ថាំមីស៊ីស ប្រធានសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី៧ ខែមេសានេះ នៅវិមានសន្តិភាព បានជួបពិភាក្សាការងារ និងជម្រាបលាប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ក្រោយលោកជំទាវបានចប់បេសកកម្មការងារនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះ លោកជំទាវ ប៉ូលីន ថាំមីស៊ីស បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូល្អ កិច្ចសហប្រតិបត្តិការល្អ ការប្ដេជ្ញាខ្ពស់ចំពោះពហុភាគីនិយមរបស់កម្ពុជា ក្នុងការចូលរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថេរភាពពិភពលោក និងការដឹកនាំប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលទាំងអស់នេះសុទ្ឋសឹងជាភាពជោគជ័យដែលជាគំរូមិនត្រឹមតែសម្រាប់ប្រទេសនានាទេ ប៉ុន្តែជាបទពិសោធន៍ដែលអាចយកទៅប្រើប្រាស់បាននាពេលអនាគត។

លោកជំទាវ បានប្រាប់សម្ដេចតេជោថា ប្រព័ន្ធអង្គការសហប្រជាជាតិប្ដេជ្ញាចិត្តបន្តគាំទ្រកម្ពុជា តាមរយៈវិស័យដែលមានសក្តានុពល ដូចជាទី១ វិនិយោគលើវិស័យធនធានមនុស្ស ទី២ ជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល និងទី៣ ការប្រែប្រួលអាកាសធាតុ និងសេដ្ឋកិច្ចបៃតង។

ថ្លែងក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានយល់ស្របចំពោះការលើកឡើងរបស់ លោកជំទាវ ប៉ូលីន ថាំមីស៊ីស។ ហើយលើសពីនេះ សម្ដេចបានថ្លែងអំណរគុណចំពោះលោកជំទាវ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ជាពិសេសថ្មីៗនេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សម្ដេចតេជោ បានគូសបញ្ជាក់អំពីការចូលរួមរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ ក្នុងការទទួលឲ្យចូលចតនូវនាវា Wasterdam ដែលពេលនោះប្រសិនបើកម្ពុជាមិនអនុញ្ញាតឲ្យចូលចតនោះទេ មិនដឹងជាវាសនាអ្នកធ្វើដំណើរនៅលើនាវានោះទៅជាយ៉ាងណានោះទេ។

ទន្ទឹមនឹងនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានប្រាប់លោកជំទាវប៉ូលីន នូវយុទ្ធសាស្ត្រផ្ការីកដែលបានប្រើសម្រាប់ប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ជាមួយការបន្តយកចិត្តទុកដាក់លើកិច្ចគាំពារសង្គម និងវិស័យសុខាភិបាល៕