ក្នុងកិច្ចប្រជុំតុមូល នៃវេទិកាសន្តិភាពប៉ារីសលើកទី៨ ដែលប្រារព្ធធ្វើឡើងក្នុងទីក្រុងប៉ារីស ប្រទេសបារំាង កាលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ បានអបអរទៅលើការឯកភាពរបស់កម្ពុជា-ថៃ លើកិច្ចព្រមព្រៀងសន្តិភាព ដោយមានការជួយសម្របសម្រួលពីប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន និងដោយមានការជួយគាំទ្រយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក។

កិច្ចពិភាក្សាតុមូលនៃវេទិកាសន្តិភាពប៉ារីស ជាកិច្ចប្រជុំដ៏មានសារៈសំខាន់ ដើម្បីផ្លាស់ប្តូរ ទស្សនៈ ដោយភាពស្មោះត្រង់ និងបើកចំហ លើបញ្ហាប្រឈមដ៏សំខាន់បំផុត ដែលពិភពលោកកំពុងជួបប្រទះ។ កិច្ចប្រជុំតុមូលបានប្រារព្ធធ្វើឡើង ក្រោមប្រធានបទ៖ «ចំពោះមុខនៃការបែកបាក់៖ អធិបតេយ្យភាពក្នុងកាលៈទេសៈដែលសណ្តាប់ធ្នាប់ពិភពលោកមានការបែកខ្ញែក»។
នាឱកាសនោះ លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងថា ការចុះហត្ថលេខានៃកិច្ចព្រមព្រៀងសន្តិភាពនេះ បានបិទទំព័រមួយដ៏លំបាក និងបើកនូវសករាជថ្មីមួយ ដែលមិនត្រឹមតែបញ្ចប់នូវជម្លោះនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងបានធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ធានាបាននូវសន្តិភាព។

លោកស្រី បន្តថា គោលការណ៍ដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងសន្តិភាព គឺគោលការណ៍ដែលកម្ពុជាបានប្តេជ្ញាចិត្តដោយមោះមុត។ ទោះបីជាវាលំបាក ឬសាំញុំាប៉ុណ្ណាក៏ដោយ ជម្លោះនេះត្រូវតែដោះស្រាយតាមមធ្យោបាយសន្តិភាព ដោយគោរពទាំងស្រុងតាមសន្ធិសញ្ញា និងច្បាប់អន្តរជាតិ ដែលមានជាធរមាន។ យ៉ាងណាមិញក្រោយយពីការលើកឡើងរបស់សម្តេចប្រធាន សមាជិកចូលរួមកិច្ចប្រជុំ បានសម្តែងការអបអរសាទរ ចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជានិងថៃ។
តាមរយៈកិច្ចប្រជុំខាងលើនេះ ប្រធានរដ្ឋសភា បានលើកឡើងសង្កត់ធ្ងន់ថា កម្ពុជា ជាប្រទេសតូច កម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើការទូត និងច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ។ ជាប្រទេសតូច មិនមែនមានន័យថា យើងមិនមានសិទ្ធិស្វ័យសម្រេចឡើយ ប៉ុន្តែបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់យើងចំពោះសន្តិភាព និងគោលនយោបាយការបរទេសជាគោល៕ អត្ថបទ៖ហ្សាលីន



