មូលនិធិ IFAD-ក្រសួងកសិកម្ម នឹងបន្តកិច្ច​សហការជំរុញ​សេដ្ឋកិច្ច​ជនបទ និង​ពាណិជ្ជកម្ម​កសិកម្ម

សង្គម​និង​សេដ្ឋកិច្ច

តាមរយៈជំនួបសម្ដែង​ការ​គួរ​សម កាល​រសៀល​ថ្ងៃទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ លោក ឌិត ទីណា រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក​ស្រី Jyotsna Puri អនុ​ប្រធាន​រង​មូល​និធិអភិវឌ្ឍ​កសិកម្ម​អន្ដរជាតិ IFAD បានបង្ហាញការប្តេជ្ញាចិត្តរួមគ្នា ថានឹងបន្តកិច្ចសហការជំរុញសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មកសិកម្មឱ្យកាន់តែខ្លាំងថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងជំនួបនោះដែរ លោក ឌិត ទីណា បានសម្ដែង​ការ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហការ​កន្លង​មក​រវាងមូលនិធិ IFAD និង​ក្រសួង​កសិកម្ម តាម​រយៈ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ធន់នឹង​ការ​ប្រែ​ប្រួលអាកាសធាតុ ហៅ​កាត់​ថា ASPIRE ដែល​ទើប​តែ​បាន​បិទ​បញ្ចប់​កាល​ពី​ចុង​ឆ្នាំ​២០២២​កន្លង​ទៅ​នេះ បន្ទាប់​ពី​បាន​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​អស់​រយៈ​ពេល​៧​ឆ្នាំ​។ 

ដោយរដ្ឋមន្ដ្រី​ក្រសួង​កសិកម្មរូបនេះ បានបន្តដូច្នេះថា៖«ខ្ញុំ​សង្ឃឹម​ថា កម្មវិធី ASPIRE-AT គាំទ្រ​ដោយ​មូលនិធិ IFAD នឹងរួម​ចំណែកលើក​កម្ពស់ជីវភាព​ប្រជាកសិករ​ខ្មែរបន្ថែមទៀត​ ដូច​កម្មវិធី ASPIRE ដែល​ទើប​តែ​បាន​បិទបញ្ចប់​ទៅ​ដោយ​ជោគជ័យដែរ»។

គួរបញ្ជាក់ដែរថា តាមរយៈជំនួបខាងលើ មូលនិធិ IFAD និង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្នុង​គម្រោងថ្មីចាប់​ពី​ឆ្នាំ​២០២៣ត​ទៅ តាម​រយៈ​ការ​អនុវត្ត​កម្មវិធី​ផ្ដល់​សេវាកម្ម​កសិកម្ម ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ជនបទ និង​ពាណិជ្ជកម្ម​កសិកម្ម​ប្រកប​ដោយ​បរិយាបន្ន (ASPIRE-AT) ដែល​មាន​គោលបំណង​បង្កើន​ប្រាក់​ចំណូល​គ្រួសារ​កសិករ និង​ពលករ​នៅ​ជនបទ តាម​រយៈ​កំណើន​វិស័យ​កសិកម្ម​ប្រកប​ដោយ​និរន្ដរភាព និង​បរិយាបន្នដោយ​ផ្អែក​លើ​ការ​នាំ​ចេញ​និង​ទីផ្សារ​ក្នុង​ស្រុកផងដែរ។  អត្ថបទ៖ ពិសី