លោក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន អំឡុងពេលបំពេញទស្សនកិច្ចរយៈពេល ៤ថ្ងៃ

សង្គម​និង​សេដ្ឋកិច្ច

អនាគតនាយករដ្ឋមន្រ្តីកម្ពុជា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក កំពុងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៧ ខែកុម្ភៈនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងអំឡុងពេល បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន នៅល្ងាចថ្ងៃទី១៤ ខែកុម្ភៈម្សិលមិញ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក HAYASHI Yoshimasa រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

គួររម្លឹកថា សម្តេច ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែធ្នូ កន្លងទៅ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក​ថា រដ្ឋាភិបាលជប៉ុននឹងត្រៀមបញ្ជូននាវាស្វ័យការពារជើងទឹកមកចុះចតនៅកម្ពុជា។ លើសពីនេះ ជប៉ុនបានអញ្ជើញលោក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសរបស់ខ្លួននា។ ការអះអាងរបស់សម្តេច ហ៊ុន សែន ​នេះ​ ត្រូវបានលើក​ឡើងក្រោយជំនួបរវាងលោកជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក Masahiro Mikami កាលពីថ្ងៃទី២៨ ខែធ្នូនោះ។

កន្លងទៅ លោក ហ៊ុន ម៉ាណែត ធ្លាប់​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេសជប៉ុន​ កាលពី​ខែមេសា ឆ្នាំ២០១៨ ដែល​កាលនោះ​លោក​បាន​ជួប​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន គឺលោក ស៊ិនហ្សូ អាបេ។

អ្នកជំនាញនយោបាយ និងទំនាក់ទំនងអន្តរជាតិមួយចំនួន យល់ឃើញស្រដៀងគ្នារឿងដែលរដ្ឋាភិបាលជប៉ុនអញ្ជើញកូនប្រុសច្បងរបស់សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅទស្សនកិច្ចផ្លូវការនៅ​ប្រទេសខ្លួន ​អាច​បង្ហាញ​ពីការទទួលស្គាល់​បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនរបស់មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចរូបនេះ។

នៅក្នុងជួរបក្ស លោក ហ៊ុន ម៉ាណែត បច្ចុប្បន្នជាសមាជិកអចិន្ត្រៃយ៍ និងជា​អនុ​ប្រធាន​គណៈ​ចលនា​មហាជន​ ព្រមទាំងជាប្រធានចលនាយុវជនគណបក្សប្រជាជនកម្ពុជា​។

ក្នុងមហាសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៣របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១​ លោក ហ៊ុន ម៉ាណែត ត្រូវបានសមាជិកគណៈកម្មាធិការកណ្ដាលបក្ស​បោះឆ្នោតគាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត។ ​

ក្រៅពីតួនាទីក្នុងជួរបក្ស លោក ហ៊ុន ម៉ាណែត ដែលបញ្ចប់​ការ​សិក្សា​នៅសាលា​បណ្ឌិត្យ​សភា​យោធា​អាមេរិក West Point បច្ចុប្បន្ន លោក​ជា​ឧ​ត្ដ​ម​សេនីយ៍ឯក​ផ្កាយមាស​៣ មាន​តួនាទី​ជា​អគ្គមេបញ្ជាការ​រង​កង​យោពល​ខេមរភូមិន្ទ ជា​មេបញ្ជាការ​កងទ័ពជើងគោក ជា​មេបញ្ជាការ​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​មេបញ្ជាការរង​កង​អង្គរក្ស​របស់សម្ដេចនាយករដ្ឋមន្ត្រីផងដែរ៕ ​