មន្រ្តីរដ្ឋាភិបាលថា កម្ពុជាកំពុងជួបបញ្ហាប្រឈមលើកសិករមួយចំនួនប្រើប្រាស់ជីគីមីមិនទាន់ត្រឹមត្រូវ 

សង្គម​និង​សេដ្ឋកិច្ច

លោក ងិន ឆាយ ប្រតិតូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម ថ្លែងក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅបន្តសម្រា​ប់​ឆ្នាំ២០​២​២ របស់សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី២៣ ខែកុម្ភៈនេះ បានលើកឡើងនូវវឌ្ឍនភាពផ្នែកផលិតកម្មដំណាំស្រូវ និងការនាំចេញក្នុងឆ្នាំ២០២១ កន្លងទៅដែលអនុត្តន៍បានចំនួន ៣.៥លានហិកតា ស្មើនឹង ១១៦% នៃផែនការ។ ក្នុងនោះ ៦៥ ម៉ឺនហិកតាជាផ្ទៃដីស្រូវប្រាំងដែលទទួលបានទិន្នផលសរុបចំនួន ១២.២១លានតោន ខណៈស្រូវប្រាំងមានចំនួន ២.៩៣ លានតោន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមលោក ងិន ឆាយ កម្ពុជាក៏កំពុងជួបបញ្ហាប្រឈមមួយចំនួនដែរ ដូចជាការមិនទាន់មានគ្រាប់ពូជស្រូវគុណភាពល្អសម្រាប់ដាំដុះគ្រប់គ្រាន់ ប្រព័ន្ធស្រោចស្រពមិនទាន់គ្របដណ្តប់ពេញលេញ កសិករមួយចំនួនប្រើប្រាស់ជីគីមីមិនទាន់ត្រឹមត្រូវ ថ្លៃដើមធាតុចូលកសិកម្មនៅមានតម្លៃថ្លៃ និងការផលិតពូជមិនទាន់មានលក្ខណៈប្រមូលផ្តុំ។

ទន្ទឹមនឹងនោះ លោកក៏បានបង្ហាញអំពីការជំរុញការធ្វើទំនើបកម្មនៃប្រព័ន្ធគ្រប់គ្រង និងសេវាកម្មនានា ជាពិសេស ការស្នើសុំវិញ្ញាបនប​ត្រ​ ភូតគាមអនាម័យ។

ថ្លែងក្នុងឪកាសនេះដែរ ឧកញ៉ា ហ៊ុន​ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា គូសបញ្ជាក់ថា ក្នុងឆ្នាំ​២០២១ ទោះបីជាស្ថិតនៅក្នុងកាលៈទេសៈប្រឈមនៃការរីករាលដាលជំងឺកូវី-១៩ យ៉ាងណាក៏ដោយ ការនាំចេញរបស់កម្ពុជាសម្រេចបានចំនួន ៦១៧ ០៦៩ តោន ស្មើនឹង ៤១៨.១៥ លានដុល្លា​រ​សហរដ្ឋ​អាមេរិក។ ដោយឡែក ការនាំស្រូវចេញវិញសម្រេចបានចំនួន ៣ ៥២៧ ៤១៨ តោន ស្មើលនឹង ៨៤៥.៩៥​ លាន​ដុល្លា​រ​សហរដ្ឋអាមេរិក។

លោកបន្តថា បើនិយាយជារួម គឺការនាំចេញស្រូវនិងអង្ករសរុបបានចំនួនជាង​ ១ ២០០ លានដុល្លារសហរដ្ឋអាមេរិក ឬ ​ចំណូលពីការនាំចេញជាមធ្យមប្រមាណជា ១០០ លានដុល្លារសហរដ្ឋអាមេរិក្នុងមួយខែ ដែលជាប្រភពចំណូលសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសប្រជាកសិករក្នុងស្ថានការណ៍នៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-​១៩។

ឧកញ៉ា សុង​ សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានធ្វើការស្ទាបស្ទង់ពីលទ្ធភាពនៃការកិនកែច្នៃលើបរិមាណ ៧៥ ម៉ឺនតោននេះ ដែលលោកថា យើងមានសមត្ថភាពគ្រប់គ្រាន់លើការកិន-កែច្នៃ និងការស្តុកទុក បើស្ថានភាពនៃជំងឺកូវីដ-១៩ បានធូរស្បើយ ហើយមានទូកុងតែន័រគ្រប់គ្រាន់ និងការដឹកជញ្ជូនតាមផសមុទ្រវិលមករកប្រក្រតីភាពវិ​ញ​​។

លោកឧកញ៉ាថ្លែងបញ្ជាក់ថា មូលដ្ឋានទីផ្សារ គឺយើងមានហើយ ជាពិសេសប្រទេសចិន ប្រមាណជា ៤០ម៉ឺនតោនក្នុងដៃ ទីផ្សារសហគម​ន៍អឺរ៉ុបបានបើកទូលាយ ចំណែកទីផ្សារប្រទេសអាស៊ាន ជាពិសេសប្រទេសម៉ាឡេស៊ី ព្រុយណេ និងទីផ្សារផ្សេងៗទៀតដូចជា ប្រទេសអូស្ត្រាលី ហ្កាប៊ុង ជាដើម។

ជាមួយគ្នានេះ លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាសហប្រធានក្រុមការងារ ឈ ផ្នែកស្រូវអង្ករនៃវេទិការរាជរដ្ឋាភិបាលវិស័យឯកជន ក៏បានអំពាវនាវឱ្យបន្តនូវការសហការគ្នាឱ្យបានរឹងមាំបន្ថែមទៀតដើម្បីឱ្យផែនការនាំចេញឆ្នាំ​២០២២ នេះសម្រេចចទៅបាននឹងឈានទៅរកការនាំចេញអង្ករកម្ពុជាឱ្យបាន ១លានតោនក្នុងពេលដ៏ខ្លីខាងមុខ៕