ស្ពានអាកាសនិងផ្លូវក្រោមដីរង្វង់មូលចោមចៅ ​នឹង​សម្ពោធ​ជាផ្លូវ​​ការ​នៅថ្ងៃទី​៣១ មីនា ស្អែកនេះ

សង្គម​និង​សេដ្ឋកិច្ច

បន្ទាប់បើកការដ្ឋានសាងសង់កាលឆ្នាំ២០១៨ គិតទល់នឹងចុងខែមិន ឆ្នាំ២០២២នេះ ស្ពានអាកាស​និងផ្លូវក្រោមដី រង្វង់​មូល​​ចោមចៅ បានសាងសង់រួចរាល់១០០ភាគរយហើយ ដោយ​គ្រោង​នឹង​បើកសម្ពោធជាផ្លូវការ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២​ស្អែកនេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងដំណើរចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅទីតាំងត្រៀមប្រារព្ធពិធីសម្ពោធជាផ្លូវការកាល រ​សៀល​​​​​​ថ្ងៃទី២៩ មីនា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបង្ហាញក្តីរំពឹងថា ស្ពានអាកាស និងផ្លូវក្រោមដី ចំណុចរង្វង់​​មូល​ចោម​​ចៅនេះ នឹងអាចជួយដោះស្រាយបញ្ហាកក​ស្ទះ​​ចរា​ចរណ៍ដែល​​តែង​កើតមានឡើងនៅចំណុច​រង្វង់មូលចោមចៅ​ដែល​ជាផ្លូវ​​សេដ្ឋកិច្ចដ៏សំខាន់សម្រាប់ការដឹកជញ្ជូន​ឆ្ពោះ​ទៅផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ទៅខេត្តមានកំពង់ផែសមុទ្រ​ទឹកជ្រៅ​នៅកម្ពុជា ក្នុងការផ្លាស់​ប្តូរទំនិញចេញចូលក្នុង និងក្រៅប្រទេសផងដែរ។

គួររម្លឹកថា ពាក់ព័ន្ធនិងពិធីបើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ​ នេះ រដ្ឋបាល​រាជធានីភ្នំពេញក៏បានចេញសេចក្តីជូនដំណឹងមួយដើម្បីអោយប្រជាពលរដ្ឋបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះ ឆ្លងកាត់ ផ្លូវប្រសព្វចោមចៅ ( អតីតរង្វង់មូលចោមចៅ) នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ផងដែរ ពោលគឺចាប់​ផ្តើម​បិទនិង​​បញ្ជៀសចរាចរ ចាប់ពីម៉ោង៥ព្រឹក រហូតកម្មវិធីត្រូ​វបាន​បញ្ចប់។

គួរបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅ បានបើកការដ្ឋានដំណើរ​ការ​សាងសង់ជាផ្លូវ​ការ​កាលថ្ងៃទី២៩មិថុនា ឆ្នាំ២០១៨កន្លងមក ក្រោមអធិបតីភាព សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជាណាច​ក្រ​កម្ពុជា ។ ស្ពានអាកាស និងផ្លូវក្រោមដីនេះជា គម្រោងរបស់​រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ រដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ចំនួន២២ លានដុល្លាអាមេរិក។

គិតត្រឹមដើមឆ្នាំ២០២២នេះ ក្នុងគោលដៅដោះស្រាយបញ្ហាកកស្ទះចរាចរណ៍អាជ្ញាធររាជធានីភ្នំពេញ បានសាងសង់​​ស្ពានអាកាសចំនួន៦កន្លែងហើយ រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស​ស្ទឹង​មានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសផ្សារដីហុយ និងស្ពានអាកាសចោម​ចៅ ដែលគ្រោងដាក់សម្ពោធជាផ្លូវ​​ការនៅ​​ថ្ងៃស្អែកនេះ ៕ អត្ថបទ៖ ពុធិកា