គម្រោងវិនិយោគ ធុរកិច្ច៦ ក្រោមទុនជាង៧៣លានដុល្លារ នៅក្នុងខេត្តព្រះសីហនុ ត្រូវបានលើកទឹកចិត្តពីរាជរដ្ឋាភិបាល

សង្គម​និង​សេដ្ឋកិច្ច

លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិភាក្សាលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីរបស់គម្រោងវិនិយោគ ធុរកិច្ចចំនួន ៧ របស់វិនិយោគិន និងធុរជនក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងមន្ត្រីជំនាញ ដែលជាសមាជិកក្រុមការងារ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធផងដែរ ។

គម្រោងវិនិយោគទាំងនោះ រួមមានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង និងគម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ដែលដំណើរការបានភ្លាមក្នុងឆ្នាំ ២០២៤ ជាអាទិ៍មានគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃផ្លែដូង, គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន, គម្រោងសណ្ឋាគារ និង កាស៊ីណូ, គម្រោងសួនកម្សាន្តលើទឹកសមុទ្រ, គម្រោងអគារស្នាក់នៅរួម និង គម្រោងពេទ្យធ្មេញ ។ គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និង បរទេស និងមានទំហំតូច មធ្យម និងធំ ។

បន្ទាប់ពីការពិភាក្សាគ្នាយ៉ាងផុលផុស អង្គប្រជុំបានបានឯកភាពជាគោលការណ៍លើការផ្តល់ការលើកទឹកចិត្តពិសេស ការអនុគ្រោះ និងការសម្រួលនីតិវិធី ជូនគម្រោងវិនិយោគ ធុរកិច្ចចំនួន ៦ ដែលមានទំហំទុនវិនិយោគសរុបប៉ាន់ប្រមាណ ៧៣ លានដុល្លារ។

សូមជម្រាបជូនថា ចាប់ពីខែ កុម្ភៈ ឆ្នាំ ២០២៤ ក្រុមការងារបានសម្រេចជាគោលការណ៍ក្នុងការផ្តល់អត្ថប្រយោជន៍ពិសេស ដល់គម្រោងវិនិយោគ/ធុរកិច្ច ចំនួន ៧ ដែលជាគម្រោងអគារសហកម្មសិទ្ធិ (អគារស្នាក់នៅរួម), សណ្ឋាគារ និង មជ្ឈមណ្ឌលទេសចរណ៍ ។ សម្រាប់ដើមខែ មេសា ឆ្នាំ ២០២៤ ក្រុមការងារក៏បាននិង កំពុងទទួល និងពិនិត្យពាក្យស្នើនានាចំនួន ១៦ គម្រោង ព្រមទាំងកំពុងអនុវត្តវិធានការផ្សេងទៀត ដែលបានដាក់ចេញក្នុង “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ដែលរួមមាន  ការសិក្សាកំណត់តំបន់វិនិយោគ ឬ តំបន់អភិវឌ្ឍន៍ និងការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីទិដ្ឋាការពិសេសរយៈពេលវែង សម្រាប់ការទិញ ឬការជួលអចលនវត្ថុ ដែលមានតម្លៃចាប់ពី ១០០ ០០០ ដុល្លារឡើង នៅក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួមចំណែកជំរុញសកម្មភាពវិនិយោគ និងការអភិវឌ្ឍ ។

ទន្ទឹមនេះ ក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និងវិនិយោគិន ដែលមានបំណងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» អញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕