នាយករដ្ឋមន្រ្តី៖ កម្ពុជានឹងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាថ្ងៃអាទិត្យនេះ ពាក់ព័ន្ធតំបន់ទាំងបួន

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសារលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការថា កម្ពុជានឹងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាថ្ងៃអាទិត្យនេះ លើបញ្ហាព្រំដែនជាមួយថៃពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសាររបស់សម្តេចធិបតីបានឱ្យដឹងថា នៅថ្ងៃសៅទី១៤ មិថុនា ឆ្នាំ ២០២៥ ស្អែកនេះ គណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ និងជួបប្រជុំគ្នាក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល ១២ឆ្នាំ។ កម្ពុជាបន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) ។

សម្តេចធិបតី បានបញ្ជាក់ពីបញ្ហាពីរដែលនឹងមិនត្រូវលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំ JBC ថ្ងៃស្អែកគឺ៖

១. បញ្ហាព្រំដែនពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នឹងមិនត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំ JBC នេះទេ ព្រោះកម្ពុជាបានសម្រេចយកបញ្ហាព្រំដែននៅតំបន់ទាំងបួនទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។

ភាគីកម្ពុជានៅរង់ចាំការបញ្ជាក់ជំហររបស់ភាគីថៃក្នុងកិច្ចប្រជុំ JBC ស្អែកនេះថា តើថៃនិងចូលរួមជាមួយកម្ពុជាក្នុងការយកបញ្ហានៅតំបន់ទាំងបួននេះទៅតុលាការយុត្តិធម៌អន្តរជាតិឬទេ? យ៉ាងណាសម្តេចធិបតីបញ្ជាក់ថា បើទោះជាភាគីថៃមិនព្រម ឬមិនផ្ដល់ចម្លើយ កម្ពុជានឹងប្ដឹងជាឯកតោភាគីទៅ ICJ នៅតំបន់ទាំងបួននេះ ដោយក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងបញ្ជូនលិខិតជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិនៅថ្ងៃអាទិត្យទី ១៥ មិថុនា ២០២៥ ខានស្អែកនេះ។

២. បញ្ហាការបិទព្រំដែនក៏នឹងមិនត្រូវដាក់ជាកម្មវត្ថុក្នុងការពិភាក្សា ក្នុងកិច្ចប្រជុំ JBC ស្អែកនេះដែរ ម្យ៉ាងដោយសារការបិទឬបើកច្រកព្រំដែនមិនមែនជាសមត្ថកិច្ចរបស់ JBC ទេ។ ម្យ៉ាងទៀតគឺ ដំណោះស្រាយពាក់ព័ន្ធជាមួយនឹងការបិទច្រកព្រំដែននេះ គឺងាយស្រួលដោះស្រាយទេ បើសិនជាកងទ័ពថៃដែលបានចាប់ផ្ដើមដាក់វិធានការបិទច្រកព្រំដែនជាឯកតោភាគីកាលពីថ្ងៃទី៧ មិថុនាកន្លងទៅនេះ ធ្វើការបើកព្រំដែនដូចស្ថានភាពដើមជាឯកតោភាគីវិញនោះ។ កម្ពុជាមិនមានបំណងបង្កបញ្ហាដែលនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរ ឬការធ្វើពាណិជ្ជកម្មរបស់ប្រជាជនថៃនិងកម្ពុជាតាមព្រំដែនទេ។ ប៉ុន្តែកម្ពុជាក៏មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដាក់ចេញនូវវិធានការនានាដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងឬការដាក់សំពាធពីខាងក្រៅ។

ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា កម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមបញ្ហានេះទេ។ ហេតុដូច្នេះកម្ពុជាក៏មិនត្រូវជាអ្នកដែលបញ្ចប់បញ្ហានេះមុនដែរនោះទេ។ រឿងដែលកើតឡើងដោយឯកតោភាគី ត្រូវបញ្ចប់វិញដោយឯកតភាគី។ មិនមានការចាំបាច់ចរចាគ្នានោះទេ។ អ្នកណាចាប់ផ្ដើមមុន អ្នកនោះបញ្ចប់មុនទៅជាការស្រេច៕