ប៉ុន្មានម៉ោងបន្ទាប់ពីបងប្រុសបង្កើតទទួលងារ«សម្ដេចឧត្ដមទេពញាណ» សម្តេចតេជោរម្លឹកអតីតកាលការពាររាជបល្ល័ង្គ

សង្គម​និង​សេដ្ឋកិច្ច

ប៉ុន្មានថ្ងៃក្រោយទទួលមរណភាពលោកព្រឹទ្ធាចារ្យ ហ៊ុន ណេង បងប្រុសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នេះ ត្រាស់បង្គាប់តែងតាំង ជា«សម្ដេចឧត្ដមទេពញាណ»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប៉ុន្មានម៉ោងបន្ទាប់ពីព្រះរាជក្រឹត្យតែងតែបងប្រុសបង្កើតជាសម្តេចឧត្តមទេពញាណ សម្តេចតេជោ ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុកនាយប់ថ្ងៃសៅរ៍ ទី៧ ខែឧសភានេះ បានលើកឡើងក្នុងន័យដើមយ៉ាងដូច្នេះថា៖ «បងប្រុសទោះបីបងបានចែកឋានទៅហើយក្តីតែកេរ្តិ៍ឈ្មោះរបស់បងបានស្ថិតនៅជាមួយជាតិ សាសនានិងព្រះមហាក្សត្រជានិច្ច»។

សម្តេចបន្តថា មុននេះបន្តិចព្រះមហាក្សត្រជាទីគោរព
សក្ដារៈរបស់យើងបានប្រោសប្រទាននូវគោរមងារសម្រាប់បងគឺជា(សម្តេចឧត្តមទេពញាណ ហ៊ុន ណេង)។ តើបងនៅចាំទេគឺក្បែរកន្លែងតំកល់សពបងនេះហើយដែលបងនិងខ្ញុំចូលរួមធ្វើបាតុកម្មប្រឆាំងពួកធ្វើរដ្ឋប្រហារនិងទាមទារប្រគល់តំណែងថ្វាយសម្តេចឪយើងវិញកាលពីថ្ងៃ២៣មិនា១៩៧០ ដែលពេលនោះបងអាយុ២០ឆ្នាំឯខ្ញុំអាយុ១៨ឆ្នាំ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងគូសបញ្ជាក់ថា ត្រកូលហ៊ុនរបស់យើងគ្រប់ជំនាន់តាំងពីជីដូនជីតា ឪពុកម្តាយយើងរហូតដល់ខ្លួនយើងតែងមានការស្មោះត្រង់ចំពោះព្រះមហាក្សត្រចំពោះរាជបល្ល័ង្គនិងរបបរាជានិយម។

«ប្អូនជឿជាក់ថាកូនចៅយើងទាំងអស់នឹងដើរតាមផ្លូវដែលយើងបានដើរកន្លងមកដោយធានាដល់កិច្ចការពាររបបរាជានិយមការពារព្រះមហាក្សត្រនិងព្រះរាជបល្ល័ង្កដោយការស្មោះត្រង់»។ សម្តេចថ្លែងបន្ថែម។

សូមជម្រាបថា សម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង គឺជាអ្នកដំណាងរាស្រ្តមណ្ឌលកំពង់ចាម ហើយជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា។ សម្តេចក៏ធ្លាប់កាន់តំណែងជាអភិបាលខេត្តកំពង់ចាម បានទទួលមរណភាព ដោយជំងឺបេះដូង នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ។

ក្នុងពលិកម្មដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ក៏ត្រូវបានប្រទាននូវគ្រឿងឥស្សរិយយសជាច្រើនពីព្រះមហាក្សត្រ ក្នុងនោះ គ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ព្រះរាជាណាចក្រកម្ពុជា គឺ ថ្នាក់ជាតូបការ។

ពេញមួយជីវិតរបស់សម្តេច ពិសេសពេលវេលាដែលលោកបានមកដឹកនាំនៅខេត្តកំពង់ចាម លោកតែងតែបំពេញការងារសង្គម ការងារមនុស្សធម៌ ជាអ្នកកសាងមូលដ្ឋាននៃការអភិវឌ្ឍ នៅខេត្តកំពង់ចាម។ តាមរយៈសកម្មភាពទាំងអស់នេះ បានធ្វើឲ្យលោកទទួលបាននូវការ គោរពស្រឡាញ់ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕