ពូជស្វាយចន្ទី៤ប្រភេទត្រៀមចុះបញ្ជីនៅក្រសួងកសិកម្ម ខណៈ M 23ល្បីពេញនិយមក្នុងទីផ្សារអន្តរជាតិ

សង្គម​និង​សេដ្ឋកិច្ច

បើមិមានការកែប្រែពេលវេលាណាមួយធ្វើឱ្យប៉ះពាល់នោះទេ ពូជស្វាយចន្ទីខ្មែរចំនួន៤ប្រភេទនឹងធ្វើការចុះបញ្ជីនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនៅត្រីមាសទី១ឆ្នាំ២០២៣ខាងមុខនេះ។ ក្នុងចំណោមពូជស្វាយចន្ទីទាំង៤ត្រៀមចុះបញ្ជី គេដឹងថាពូជM 23នេះកសិករបានធ្វើការដំាដុះនៅក្នុងស្រុកច្រើនជាងគេនិងកំពុងតែល្បីពេញនិយមនៅទីផ្សារអឺរ៉ុបនិងជប៉ុនផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនិងជាអ្នកជំនាញដាំស្វាយចន្ទីក៏ដូចជាដំណាំផ្សេងទៀតបានឱ្យដឹងថា ពូជស្វាយចន្ទីM23ជាពូរបស់ខ្មែរ ហើយពូជនេះលោកជាអ្នករកឃើញនិងត្រៀមចុះបញ្ជីពូជនៅក្រសួងកសិកម្មជាមួយពូជផ្សេងទៀត។

លោកវ៉ា រុតសាន មានប្រសាសន៍ថា«យើងមានពូជស្វាយចន្ទីជារបស់ខ្មែរមានM 23, M 10, IM 4និងH09 គ្រោងនឹងចុះបញ្ជីនៅត្រីមាសទី១ឆ្នំា២០២៣ ហើយនៅប៉ុន្មានថ្ងៃខាងមុខនេះខ្ញុំនឹងប្រជុំជាមួយក្រសួងកសិកម្មដើម្បីបញ្ចប់ការពិនិត្យលើពូជស្វាយចន្ទីនេះ»។

លោកបន្តថា នៅពេលចុះបញ្ជីពូជទាំង៤នេនៅក្រសួងកសិកម្មរួចហើយ យើងមានពូជស្វាយចន្ទីរជារបស់ខ្មែរអត់បារម្ភថាយើងទៅយកពូជគេធ្វើការផលិតហើយនាំចេញអាចមានបញ្ហា។ពូជM 23វាមានលក្ខណៈល្អ វាមានគ្រាប់ធំ មានរសជាតិឆ្ងុយជាងពូជស្វាយចន្ទីដទៃទៀតនៅលើពិភពលោក ធំដល់ថ្នាក់ថាត្រូវបង្កើតស្តង់ដាថ្មីមួយបើប្រៀបធៀបទៅនិងស្តង់ដាអន្តរជាតិ។

បើតាមមន្ត្រីជំនាញខាងលើ បើពូជស្វាយចន្ទីទំាង៤បានចុះបញ្ជីរួចហើយ វាបង្ហាញឱ្យឃើញនៅអត្តសញ្ញាណច្បាស់លាស់និងងាយស្រួលក្នុងការផ្សព្វផ្សាយថាវាជាពូជស្វាយចន្ទីខ្មែរ ពូជM 23។វាការបង្ហាញនៅអត្តសញ្ញាណមួយដូចជាប្រាសាទអង្គរវត្តជារបស់ខ្មែរដែរ។

លោកគូសបញ្ជាក់ថា« ពូជស្វាយចន្ទីM 23នេះដាំដុះនៅស្រុកខ្មែរស្ថិតនៅក្នុងរង្វង់ពី៩០ទៅ៩៥%នៅទូទំាងប្រទេស។ ដោយឡែកពូជIM 4, H 09  និងពូ M 10មានការដាំដុះប្រហែល៥%ទៅ៧% អីចឹង M 23នេះការដាំដុះមានស្ទើទូទំាងប្រទេសទៅ»។

ពាក់ព័ន្ធនិងពូជស្វាយចន្ទី M 23នេះ បើតាមលោកវ៉ារុតសានថា«នៅពេលយើងបរាជ័យកាលជាង១០ឆ្នាំមុនយើងបានស្រាវជ្រាវរកពូជស្វាយចន្ទីនៅក្នុងចំការស្គុនយើងមានប្រហែល២ពាន់ហិកតាដំាស្វាយចន្ទី ហើយនៅរាល់ថ្ងៃសៅរ៍-អាទិត្យខ្ញុំតែងតែប្រាប់កម្មករថា បើមានពូជស្វាយចន្ទីណាមានផ្លែច្រើន គ្រាប់ធំសូមមកប្រាប់ខ្ញុំ ខ្ញុំនឹងជូនប្រាក់១ម៉ឺនរៀល ខណៈកាលនោះកម្មករធ្វើការមួយថ្ងៃបានកម្រៃតែ៤ពាន់រៀល។ដល់ល្ងាចថ្ងៃសៅរ៍ខ្ញុំទៅចំការនៅស្គុន ពួកកម្មករបានមកប្រាប់ថាស្វាយចន្ទីនៅកន្លែងនេះមានដើមស្វាយចន្ទីផ្លែច្រើននិងមានគ្រាប់ធំជាដើម។បន្ទាប់ពីបានដឹង យើងបានកត់ត្រានិងតាមដានអស់រយៈពេល៣ទៅ៤ឆ្នាំ ទើបយើងយល់ថាវាជាពូជ M 23របស់ខ្មែរ។ អីចឹងទើបខ្ញុំជាអ្នកចាត់ចែងនិងសរសេរជាសៀវភៅថាជាពូជដែលខ្ញុំបានរកឃើញ។

លោកបន្តថា ពូជ M 23នេះបានដាំដុះនិងទទួលផលអស់រយៈពេល១៧ឆ្នាំហើយនៅកម្ពុជា ហើយយើងពិតជាមានមោទនភាពណាស់ព្រោះជាពូជស្វាយចន្ទីខ្មែរ,ជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ខ្មែរដែលបរទេសទទួលស្គាល់ ជាមួយលក្ខណសម្បត្តិដូចជាសាច់ច្រើនដោយក្នុងមួយគីឡូក្រាមអាចបកយកសាចហូបពី២៨ទៅ៣០%,គ្រាប់ធំវាត្រឹមតែ១៤០គ្រាប់ស្ងួតទម្ងន់មួយគីឡូក្រាម,រសជាតិឆ្ងុយឆ្ងាញ់ ហើយផ្តល់ទិន្នផលខ្ពស់ ហើយកសិករកំពុងតែសប្បាយចិត្តដំាពូជនេះ។

លោកបញ្ជាក់ថា« គ្រាប់ស្វាយចន្ទីM23នេះកំពុងតែល្បីនិងពេញនិយមនៅលើទីផ្សារអឺរ៉ុប ជប៉ុន។ នៅប្រទេសជប៉ុនដល់ថ្នាក់គេឱ្យបវរកញ្ញារបស់គេកាលពីមុនជួយធ្វើការផ្សាព្វផ្សាយ ហើយគេក៏បានមកវិនិយោគនិងទិញគ្រាប់ស្វាយចន្ទីពីកម្ពុជាយកទៅលក់បន្តនៅទីផ្សារខាងក្រៅផងដែរ»៕ អត្ថបទ៖សារេត