កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍

សង្គម​និង​សេដ្ឋកិច្ច

ឆ្នាំ២០២៣នេះ ប្រទេសយើងទាំងពីរនឹងសហការរៀបចំព្រឹត្តិការណ៍ជាច្រើន ក្នុងគោលបំណងពង្រឹងនិងពង្រីក ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានា ដូចជាពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ព្រមទាំងវិស័យអទិភាពដទៃទៀត។ នេះយោងតាមលោក ឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លើកឡើងក្នុងពិធីបើកវេទិកាជំរុញធុរកិច្ច វិនិយោគ និងទេសរណ៍ កម្ពុជា-ចិន(ក្វាងស៊ី) កាលពីថ្ងៃទី១៧ កញ្ញា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឈួន ដារ៉ា គូសបញ្ជាក់ថា «ជាក់ស្តែង វេទិកាជំរុញធុរកិច្ច វិនិយោគ និងទេសចរណ៍ កម្ពុជា-ចិន(ក្វាងស៊ី)គឺជាសកម្មភាពជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងចិន ក្រោមក្របខ័ណ្ឌតំបន់ ភាគីទាំងពីរបានចូលរួមបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងជំរុញឱ្យសម្រេចបាននូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលបានត្រួសត្រាយផ្លូវសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជំរុញកិច្ចសហប្រតិបត្តិការ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន»។

បើតាមលោក ឈួន ដារ៉ា ក្រៅពីនេះ កម្ពុជាបានបន្តជំរុញលើកកម្ពស់ និងធ្វើពិពិធកម្មការនាំចេញរបស់ខ្លួន ដោយខិតខំទាញយកអត្ថប្រយោជន៍ពីកាលានុវត្តភាពដែលមាន នាពេលបច្ចុប្បន្ន និងចាំបាច់ត្រូវរៀបចំធានានូវភាពអំណោយផលពីទីផ្សារថ្មីៗ ព្រមទាំងត្រូវពង្រឹងភាពប្រកួតប្រជែងបន្ថែមទៀត ជាពិសេស សម្រាប់ការនាំចេញទៅបណ្តាប្រទេសក្នុងតំបន់ ដែលផ្តល់សក្តានុពលដល់ធុរជន និងវិនិយោគិនក្នុងនិងក្រៅប្រទេស ជាពិសេសធុរជន និងវិនិយោគិនចិន។

លោក Mao Qingwang អភិបាលរង នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ដល់ចចំណងមិត្តភាពត្បូងពេជ្រដែលមិនអាចបំបែកបានរវាងកម្ពុជានិងចិន ដែលបានបង្កើតឡើងដោយថ្នាក់ដឹកនាំជំនាន់មុន និងបានពូនជ្រុំបន្ថែមដោយថ្នាក់ដឹកនាំបច្ចុប្បន្ន នឹងនៅបន្តជាអមតៈជាច្រើនជំនាន់បន្តទៀត ទោះបីជាប្រទេសយើងទាំងពីរមានជួបឧបសគ្គអ្វីក៏ដោយ តែកម្ពុជានិងចិននៅតែរួមគ្នាដោះស្រាយ។

លោក Mao Qingwang មានប្រសាសន៍ថា «កម្ពុជា និងចិនបានបង្កើតមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ កសិកម្ម ផលិតកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ គោលបំណងនៃវេទិកានេះ គឺដើម្បីទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅ ផ្លាស់ប្តូរបទ ពិសោធន៍ និងស្វែងរកមធ្យោបាយដើម្បីធ្វើសមាហរណកម្មកាន់តែប្រសើរឡើងជាមួយនឹងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្មរបស់កម្ពុជា។ លោកបានបន្ថែមថា ចិន និងកម្ពុជា គឺជាមានមិត្តភាពត្បូងពេជ្រ ដែលមានភាតរភាពជាមួយគ្នាទៅវិញទៅមក ហើយប្រទេសទាំងពីបានជំរុញកិច្ចសហប្រតិបត្តិការរក្នុងវិស័យផ្សេងៗកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត»។

សូមបញ្ជាក់ថា ក្នុងវេទិកាខាងលើនេះ មានការចុះអនុស្សារណៈនៃការយោគយល់គ្នាចំនួន៦ រវាងក្រុមហ៊ុនឯកជនមកពីប្រទេសកម្ពុជា និងក្រុមហ៊ុនឯកជននចិន ដែលផ្ដោតលើផ្នែក៖ ថាមពលអគ្គីសនីថ្មី ជំរុញការលក់និងវិនិយោគ ស្ថាបបត្យកម្ម និងពាក់ព៎ន្ធលើការសិក្សា ស្រាវជ្រាវ និងផ្សព្វផ្សាយ៕ អត្ថបទ៖ សារេត