រដ្ឋមន្រ្តីក្រសួងការងារ បានបង្ហាញអំពើហិង្សា និងភាពឃោរឃៅមកលើពលរដ្ឋខ្មែរដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

សង្គម​ និង​សេដ្ឋកិច្ច

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញអំពីរូបភាពនៃការប្រព្រឹត្តអំពើហិង្សាពីសំណាក់ក្រុមជ្រុលនិយមថៃមកលើពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃដែលជាអំពើមិនអាចទទួលយកបាននិងបានរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបង្ហាញរបស់រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងពិធីបើកសិក្ខាសាលាត្រីភាគី ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, អង្គការវិជ្ជាជីវៈរបស់និយោជក, អង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងអង្គការអន្តរជាតិខាងការងារ (ILO) ស្ដីពី «ការត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨» នៅសណ្ឋាគារកាំបូឌីយ៉ាណា នាថ្ងៃទី២៨ ខែកក្កដានេះ។

សូមបញ្ជាល់ថា កាលពីថ្ងៃទី២៧ កក្កដា ក្រសួងការងារ បានកត់សម្គាល់ឃើញថា មានការកើនឡើងនូវការរើសអើង ការប្រើហិង្សា និងការគំរាមកំហែងដល់សុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ បង្កឡើងដោយក្រុមជ្រុលនិយមថៃ ដែលត្រូវបានផ្សព្វផ្សាយចែករំលែក លើគណនីបណ្តាញទំនាក់ទំនងសង្គម ជាពិសេស ក្រោយពីពេលមានការឈ្លានពានខាងយោធាពីភាគីថៃមកលើ ដែនអធិបតេយ្យភាពរបស់កម្ពុជានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

ក្រសួងបានសង្កេតឃើញថា មានការកើនឡើងការដាក់សម្ពាធលើពលករខ្មែរជាច្រើនទម្រង់ ដូចជា ការគំរាមមិនផ្តល់ប្រាក់ខែដើម្បីបង្ខំឱ្យពលករខ្មែរបន្តធ្វើការបើទោះបីជាពលករខ្មែរស្នើសុំឈប់ពីការងារ ការរឹតត្បិតសិទ្ធិបញ្ចេញមតិរបស់ពលករខ្មែរ និងការគំរាមកំហែងផ្សេងៗ រហូតធ្វើឱ្យពលករខ្មែរមួយចំនួនមាន ការភ័យខ្លាចមិនហ៊ានចេញពីកន្លែងធ្វើការ ឬមិនហ៊ានធ្វើដំណើរចេញពីកន្លែងស្នាក់នៅដោយភ័យខ្លាចរងនូវអំពើហិង្សានានា។

ជាមួយនឹងការកត់សម្គាល់ទាំងនេះ ក្រសួងការងារ បានអំពាវនាវទៅដល់ បងប្អូនប្រជាពលរដ្ឋនិងពលករខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ ឱ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញ ខណៈក្រសួងនិងស្ថាប័នពាក់ព័ន្ធបាននិងកំពុងបង្កើន និងផ្តល់ឱកាសការងារក្នុងប្រទេសជាច្រើន ជូនបងប្អូនពលករខ្មែរ ទាំងអស់ក្រោយពេលវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ និងធានានូវការទទួលបានការងារសមរម្យ របបសន្តិសុខសង្គម និងអត្ថប្រយោជន៍ផ្សេងៗ ទាំងនៅពេលកំពុងធ្វើការ ទាំងពេលចូលនិវត្តន៍៕