ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំកែសម្រួលប្លង់គោលអភិវឌ្ឍន៍កោះពស់ ខេត្តព្រះសីហនុ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC នៅថ្ងៃពុធ ទី៣មករាម្សិលមិញ បើកកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីពិនិត្យមើលអំពីការកែសម្រួលប្លង់គោលអភិវឌ្ឍន៍កោះពស់ ដែលជាកោះមួយនៅកៀកដីគោកនៃក្រុងព្រះសីហនុ។ នេះបើតាមលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ លើទំព័រហ្វេសប៊ុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងអភិវឌ្ឍន៍កោះមរកត ឫកោះពស់ ដែលលាតសន្ធឹងលើផ្ទៃដី ១.១៦០.០៣៥ ម៉ែត្រការ៉េ ឫស្មើប្រមាណ ១១៦.០០៣៥ ហិកតា គឺជាគំនិតផ្តួចផ្តើមនៃការអភិវឌ្ឍន៍ដ៏សំខាន់មួយ ក្នុងការប្រែក្លាយកោះពស់ទៅជាគោលដៅទេសចរណ៍ដ៏សម្បូរបែបស្តង់ដារអន្តរជាតិ។

តំបន់​អភិវឌ្ឍន៍​កោះ​ពស់​មាន​ចម្ងាយ ១៨​គីឡូម៉ែត្រ ពី​ប្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង​ព្រះ​សីហនុ។ ក្នុង​គម្រោង​អភិវឌ្ឍន៍​នៅ​លើ​កោះ​នេះ មាន​ដូចជា កសាង​តំបន់​អភិវឌ្ឍន៍​អចលន​ទ្រព្យ​សម្រាប់​លំនៅឋាន អគារ​ពាណិជ្ជកម្ម និង​កន្លែង​កម្សាន្ត​លើ​ផ្ទៃ​ដី ១២០​ហិកតារ ដែល​គម្រោង​នេះ​បាន​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​២០០៦ ដោយ​គេ​ប៉ាន់​ប្រមាណ​ថា នឹង​ត្រូវ​ចំណាយ​ពេល​ក្នុង​ការ​អភិវឌ្ឍ ១០​ឆ្នាំ។

គួររម្លឹកថា គម្រោង​អភិវឌ្ឍន៍ កោះ​ពស់ បាន​ទទួល​អាជ្ញាប័ណ្ណ​អភិវឌ្ឍន៍​ពី​រាជ​រដ្ឋាភិបាល កម្ពុជា កាល​ពី ខែ​កញ្ញា ឆ្នាំ​២០០៦ និង​បាន​ចាប់​ផ្តើម​សាង​សង់​ស្ពាន​នៅ ឆ្នាំ​២០០៨។

ដើម្បីអភិវឌ្ឍន៍​តំបន់កោះ​ពស់​ទាំង​មូលឲ្យ​ក្លាយ​ជា​រមណីយដ្ឋាន​លំដាប់​ពិភព​លោក ក្រុមហ៊ុន កោះពស់ បាន​ចំណាយ​ថវិកា ៣០០​លាន​អឺរ៉ូ ឬ​ប្រហែល​ជាង ៤០០​លាន​ដុល្លារ។ ការ​វិនិយោគ​កោះពស់​ឲ្យ​ក្លាយ​ទៅជា​ទី​កម្សាន្ត​មួយ​ថ្នាក់​ពិភពលោក​នេះ គេ​រំពឹង​ទុក​ថា​នឹង​បង្កើត​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ពី ២​ម៉ឺន ទៅ ២​ម៉ឺន​៥​ពាន់​នាក់ ដែលដែលជាការវិនិយោពីមហា​សេដ្ឋី​ជន​ជាតិ​រុស្ស៊ី គឺ​លោក អាទ្បិចសិនឌឺ ត្រូហ្វីម៉ូវ។

ជាមួយគ្នានេះដែរ សេចក្តីព្រាងប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ ចក្ខុវិស័យ ឆ្នាំ២០៣៨ ដែលប្រកាសព័ត៌មាននាពេលកន្លងទៅរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ មានចក្ខុវិស័យរៀបចំនិងអភិវឌ្ឍ «ក្រុងព្រះសីហនុជាទីក្រុងស្នូល នៃប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងការជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍន៍ធុរកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ប្រកបដោយភាពរស់រវើក ឆ្លាត និងបរិយាប័ន្ន» ។

បន្ថែមទៀតនោះ ប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ ចក្ខុវិស័យឆ្នាំ ២០៣៨ នឹងរួមចំណែកលើកកម្ពស់សូចនាករនៃការអភិវឌ្ឍតាមវិស័យ ក៏ដូចជាសេដ្ឋកិច្ចជាតិ៕