នៅថ្ងៃទី១០ស្អែកនេះ សម្តេចជោ ហ៊ុន សែន នឹងទៅសហរដ្ឋអាមេរិកធ្វើជាសហប្រធាននៃកិច្ចប្រជុំ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានប្តូរវេនអាស៊ាន នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាម៉េរិក នៅថ្ងៃស្អែក ទី១០ ខែឧសភា ឆ្នាំ២០២២។ ការចូលរួមកិច្ចប្រជុំពិសេសនៅវ៉ានស៊ិនតោន តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

 ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន និងលោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះផងដែរ។

លិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីគោលបំណងក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន-អាមេរិកបន្ថែមទៀតក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។ ក្នុងនាមប្រធានអាស៊ានដដែលនេះ សម្តេច ហ៊ុន សែន ធ្វើការប្តេជ្ញា និងការគាំទ្រយ៉ាងពេញទំហឹងចំពោះសហរដ្ឋអាមេរិក ក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងផ្តល់នូវកាលានុវត្តភាពល្អមួយសម្រាប់ផ្លាស់ប្តូរយោបល់គ្នា ថាតើត្រូវធ្វើយ៉ាងណាដើម្បីឲ្យកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិក រីកចម្រើនទៅមុខបន្ថែមទៀត។

 សូមជម្រាបថា ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អា​មេ​រិ​ក នេះ​ធ្លាប់​គ្រោង​ធ្វើ​ឡើង​តាំងពី​ដើមឆ្នាំ​២០២០ ដែល​មាន​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ ជា​អ្នក​កាន់​អំណាច​ម្ល៉េះ ក៏​ប៉ុន្តែ ដោយសារ​ការ​រាតត្បាត​ជំងឺ​សាកល​កូ​វី​ដ​១៩ កិច្ចប្រជុំ​នេះ ត្រូវ​លើក​ពេល​រហូត​ដល់​ឆ្នាំ​២០២២​នេះ​។

នេះ​ជា​លើក​ដំបូង​សម្រាប់​រដ្ឋបាល​លោក ចូ បៃ​ឌិន ដែល​បាន​រៀបចំ​កិច្ចប្រជុំ​កំពូល​ទល់មុខ​គ្នា រវាង​ប្រធានាធិបតី​អា​មេ​រិ​ក​លោក ចូ បៃ​ដិ​ន និង​មេដឹកនាំ​នៃ​តំបន់​អាស៊ាន​។ ខណៈ​លោក ចូ បៃ​ឌិន បាន​និង​កំពុង​ព្យាយាម​យកចិត្តទុកដាក់ និង​ផ្សះផ្សា​ទំនាក់ទំនង ព្រមទាំង​ចាប់ផ្ដើម​ធ្វើការ​ជាមួយ​យ​អាស៊ាន​ឡើង​វិញ បន្ទាប់​ពី​កាលពី​ជំនាន់​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ មិនសូវ​ជា​ខ្វាយខ្វល់​ពី​អាស៊ាន​នោះ​ទេ ជា​ពិសេស​កិច្ចប្រជុំ​អា​មេ​រិ​ក​-​អាស៊ាន​នេះ​តែ​ម្ដង ពោល​គឺ​លោក បាន​ចូលរួម​កិច្ចប្រជុំ​កំពូល អា​មេ​រិ​ក​-​អាស៊ាន តែ​មួយ​ដងគត់​ក្នុង​ឆ្នាំ ២០១៧​។

ដើម្បី​ផ្សា​ភ្ជាប់​នូវ​ទំនាក់ទំនង​ឱ្យ​កាន់តែ​ស៊ីជម្រៅ​រវាង​អា​មេ​រិ​ក និង​តំបន់​អាស៊ាន នា​អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អា​មេ​រិ​ក​លើក​ទី​៩ ដែល​បាន​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អន​ឡាញ អំឡុង​ខែតុលា ឆ្នាំ​២០២១ លោក​ចូ បៃ​ឌិន ប្រធានាធិបតី​អា​មេ​រិ​ក បាន​ផ្ដល់​ថវិកា ចំនួន​១០០​លាន​ដុល្លារ​ឱ្យ​អាស៊ាន​ផង​ដែរ​។

ជាមួយ​គ្នា​នេះ លោក បៃ​ឌិន ក៏​បាន​គូសបញ្ជាក់​ថា ភាព​ជា​ដៃគូ​របស់​អា​មេ​រិ​ក និង​អាស៊ាន មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​រក្សា​សេរីភាព​នៃ​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក និង​ការ​បើកចំហ ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សន្តិសុខ និង​វិបុលភាព​រួម​គ្នា​៕