អាមេរិក ចង់រឹតចំណងវិនិយោគលើវិស័យហ្គាសថាមពល (LPNG) និងកំពង់ផែជាមួយកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

អាមេរិក បានបង្ហាញបំណងចង់វិនិយោគលើវិស័យហ្គាសថាមពល (LPNG) និងវិស័យកំពង់ផែជាមួយកម្ពុជា។ នេះបើតាមលោកស្រី Carol Miller ក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Carol Miller ដំណាងគណៈប្រតិភូសមាជិកសភាអាមេរិក បានឲ្យដឹងថា គោលបំណងជំនួបនេះ គឺដើម្បីស្វែងយល់អំពីការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងស្ថានការពិតជាក់ស្តែងនៃការអភិវឌ្ឍនៅកម្ពុជា ជាពិសេសដើម្បីជំរុញឱ្យទំនាក់ទំនង និងការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។

ជាមួយគ្នានេះ លោកស្រី ក៏បានបង្ហាញបំណងលើការពង្រីកពាណិជ្ជកម្ម និងការវិនិយោគលើវិស័យផ្សេងៗដូចជា៖ ហ្គាស និងថាមពល (LPNG) និងការវិនិយោគលើវិស័យកំពង់ផែ ជាមួយប្រទេសកម្ពុជាផងដែរ។

ជាការឆ្លើយតបវិញ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសម្ដែងនូវការស្វាគមន៍ចំពោះក្រុមហ៊ុនធុរកិច្ចរបស់សហរដ្ឋអាមេរិក ដែលមានបំណងចង់បណ្តាក់ទុកវិនិយោគ នៅកម្ពុជា ជាពិសេសវិស័យកំពង់ផែ និងវិស័យហ្គាស និងថាមពល (LPNG) ហើយកម្ពុជាបើកចំហរ និងត្រៀមខ្លួនសម្របសម្រួលក្រុមហ៊ុនធុរកិច្ចសហអាមេរិក ដែលមកវិនិយោគ នៅកម្ពុជាផងដែរ។

គួរបញ្ជាក់ដែរថា តាមរយៈជំនួបខាងលើនោះលោក ស៊ុន ចាន់ថុល ក៏បានស្នើសុំឱ្យមានការចូលរួមពីក្រុមហ៊ុនអាមេរិក លើការបណ្ដាក់ទុនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់នៅកម្ពុជា ដោយហេតុថាកន្លងមកកម្ពុជា មិនទាន់ឃើញមានក្រុមហ៊ុនវិនិយោគរបស់សហរដ្ឋអាមេរិកមកបណ្តាក់ទុនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ឡើយទេ៕