ម៉ែរួយ​ប្រាប់​គន្លឹះ​ឲ្យ​កាត់រឿងបីយ៉ាង​ចោល ជីវិតនឹងមានសេចក្ដីសុខ រីកចម្រើន​ទៅ​មុខ​

ជំទាវស្រុកខ្មែរ ជុំវិញ​ឧកញ៉ា

លោកជំទាវឧកញ៉ា ស្រី ណារួម ហៅកាត់ថាម៉ែរួយ អគ្គនាយិកាក្រុមហ៊ុន រួយអ៊ិនហ្វីនីធី ព្រមទាំងជាអ្នកលក់ឡេដ៏ល្បីឈ្មោះបានចែករំលែករឿង៣យ៉ាងដើម្បីឲ្យជីវិតរីកចម្រើនព្រមទាំងមានសេចក្ដីសុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រឿងទី១នោះគឺចូរអ្នកកុំខ្វល់និងឲ្យតម្លៃលើសម្ដីអ្នកដទៃច្រើនពេក។ ការខ្វល់លើសម្ដីអ្នកដទៃច្រើនពេកធ្វើឲ្យបាត់ភាពម្ចាស់ការលើខ្លួនឯង ព្រោះនៅពេលដែលធ្វើរឿងអ្វីមួយតែងតែគិតថា អាចប៉ះពាល់គេដែរឬក៏អត់? គេពេញចិត្តឬអត់? ចូរអ្នកត្រូវចាំថា ជីវិតមួយនេះជាជីវិតរបស់អ្នក អ្នកគួរធ្វើអ្វីដើម្បីជីវិតរបស់អ្នករីកចម្រើនកុំ​ឲ្យ​ប៉ះពាល់ដល់អ្នកដទៃគឺជាការគ្រប់គ្រាន់ហើយ។

លោកជំទាវបានបន្ដថា រឿងទី២នោះគឺចំណាយពេលវេលាទៅនឹងរឿងអត់ប្រយោជន៍ច្រើនពេក។ ការតាមដានរឿងគ្រួសារគេ សង្គមហែកហួរព្រមទាំងរឿងអវិជ្ជមានផ្សេងៗទៀត ធ្វើឲ្យអ្នករវល់តែតាមរឿងអស់ទាំងនោះ។ តើអ្នកមានពេលវេលាឯណាមកអភិវឌ្ឍន៍ខ្លួនឯង? ពេលវេលាមានតម្លៃណាស់ ពេលវេលាគឺដើរទៅមុខហើយមិនអាចត្រឡប់​មកវិញបានទេ។

ចំណែកឯរឿងទី៣ គួរតែបោះបង់ភាពមិនតស៊ូ អត់ធ្មត់។ មនុស្សជាច្រើនតែងតែស្រែកថា ខ្ញុំធ្វើអ្វីមិនដែលបានសម្រេច នៅពេលធ្វើរឿងអ្វីមួយតែងតែបរាជ័យ។ លោកជំទាវឧកញ៉ាបានចោទជាសំណួរថា ហេតុអ្វីបានជាអ្នកមិនធ្វើអ្វីមួយឲ្យអស់ពីលទ្ធភាព? នៅពេលដែលអ្នកធ្វើអ្វីមួយឲ្យអស់ពីលទ្ធភាពនោះ អ្នកនឹងទទួលបានលទ្ធផលល្អពីការងារឬអាជីពអ្វីមួយ។ ចូរកុំស្រែកថាពិបាក មិនអាចទៅរួចនៅពេលដែលអ្នកមិនទាន់បានព្យាយាមអស់ពីលទ្ធភាពនោះ យ៉ាងហោចណាស់អ្នកក៏ដឹងថាអ្នកបានព្យាយាមអស់ពីលទ្ធភាពហើយ។

លោកជំទាវឧកញ៉ាសង្ឃឹមយ៉ាងមុតមាំថា នៅពេលដែលអ្នកព្យាយាមអស់ពីលទ្ធភាពហើយនោះ ប្រាកដណាស់ថានឹងទទួលបានលទ្ធផលយ៉ាងពិតប្រាកដ។ កុំឲ្យតែបោះបង់ចោលវានៅពាក់កណ្ដាលទី។

ជាចុងក្រោយលោកជំទាវឧកញ៉ាបានផ្ដាំថា គ្រប់យ៉ាងគឺកើតចេញពីខ្លួនអ្នក មិនមែនអ្នកផ្សេងមិនមែនបុណ្យវាសនាមិនមែនជោគវាសនាគឺជីវិតនៅលើកណ្ដាប់ដៃអ្នក ត្រូវចាំថាអ្នកសាងហេតុបែបណា អ្នកនឹងទទួលបានផលបែបនោះ៕