ទេសរដ្ឋមន្រ្តីប្រទេសទីម័រ ដឹកនាំគណៈប្រតិភូស្វែងយល់អំពីការអភិវឌ្ឍប្រេងកាតនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

លោក Agio Pereira ទេសរដ្ឋមន្រ្តីប្រទេសទីម័រលេស្ត បានដឹកនាំគណៈប្រតិភូសិក្សាស្វែងយល់អំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍប្រេងកាតនៅកម្ពុជា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងដំណើរទស្សនកិច្ចសិក្សានៅកម្ពុជារបស់មន្ត្រីទីម័រ ធ្វើឡើងជាមួយលោក អ៉ិត ប្រាំង រដ្ឋលេខាធិការប្រចាំការនៃក្រសួងរ៉ែនិងថាមពល អមដោយវត្តមានលោក Ermenegildo Kupa Lopes ឯកអគ្គរាជទូតនៃប្រទេសទីម័រលេស្តប្រចាំកម្ពុជា និង លោក Stephen Webb នាយកផ្នែកថាមពល។

ក្នុងជំនួប ភាគីទាំងពីរបានជជែកពិភាក្សាអំពីសក្តានុពលនិងឱកាស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រេងនិងឧស្ម័ន។ ទន្ទឹមនឹងនោះ កម្ពុជា ទីម័រ ក៏​បាន​ពិភាក្សាលម្អិតបន្ថែមអំពីលទ្ធភាពក្នុងការបង្កើតវគ្គបណ្តុះបណ្តាលនិងការផ្លាស់ប្តូរបទពិសោធន៍រវាងមន្ត្រីជំនាញនិងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ តាមរយៈការរៀបចំសិក្ខាសាលា និងវេទិកានានា នៅប្រទេសកម្ពុជា ឬនៅប្រទេសទីម័រ។

មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល បាន​បង្ហើបឱ្យដឹង​ថា កម្ពុជា​បាន​រក​ឃើញ​តំបន់​មាន​ប្រេងកាត​ទាំង​នៅ​ក្នុង​សមុទ្រ និង​លើគោក​ចំនួន​២៥​ប្លុក ដែល​អាច​ផលិត​ប្រេង​បាន​ចំនួន​៥​លាន​តោន​ក្នុង​១​ឆ្នាំ​ៗ ។

បើតាមក្រសួង​រ៉ែ និង​ថាមពល តំបន់​ប្រេង​នៅ​សមុទ្រ មាន​ចំនួន​៦​ប្លុក គឺ​ប្លុក A.B.C.D.E និង​ប្លុក​F ប៉ុន្តែ​ប្លុក​A និង​ប្លុក​B ដែលចាប់ផ្តើម​ផលិត​នៅ​ឆ្នាំ​២០២០កន្លងទៅ ដោយ​ក្រុមហ៊ុន KRISENERGY របស់​ប្រទេស​សិង្ហ​បុរី ។ តំបន់​ប្លុក​A អាច​ផលិត​បាន​នៅ​ដំណាក់កាល​ទី​១ ចំនួន​៣១​លាន​បារ៉ែល ហើយ​ប្លុក​C មាន​ក្រុមហ៊ុន​ម៉ា​ឡេ​ស៊ី​កំពុង​សិក្សា​ស្រាវជ្រាវ និង​ប្លុក​មួយ​ចំនួន​ទៀត​មាន​ក្រុមហ៊ុន​ផ្សេង​ កំពុង​ដាក់​ពាក្យសុំ​រុករក និង​ស្រាវជ្រាវ​នា​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ ។

ចំណែក​តំបន់​ប្រេង​នៅ​លើគោក​វិញ ក្រសួងរ៉ែបាន​រក​ឃើញ​នៅ​ខេត្តកំពង់ធំ ដោយ​មាន​ចំនួន​ ១៩ ​ប្លុក ក៏​ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​នេះ មាន​ក្រុមហ៊ុន​ប៉េ​ត្រូ​របស់​វៀតណាម​បាន​ដាក់​ពាក្យសុំ​សិក្សា​ស្រាវជ្រាវ និង​ប្លុក​ប្រេង​ចំនួន​១៨​ប្លុក​ទៀត គឺ​ពុំ​ទាន់​មាន​ក្រុមហ៊ុន​ណាមួយ​ស្ម័គ្រចិត្ត​ចូល​ឡើយ។

បើទោះបីជាកម្ពុជា ប្រកាសរកឃើញមានប្លុកប្រេងកាតចំនួន៦ នៅដែនសមុទ្រ និងចំនួន១៨ប្លុក នៅដែនគោកក៏ដោយ រហូតមកដល់ពេលបច្ចុប្បន្ន តំណក់ប្រេងដំបូងបន្ដត្រឹមជាក្តីសង្ឃឹមនៅឡើយ សម្រាប់រដ្ឋាភិបាល និងប្រជាជនកម្ពុជា។

សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានចាត់ទុកការចាប់ផ្តើមផលិតកម្មប្រេងនេះ គឺជាពរជ័យសម្រាប់កម្ពុជា និងជាជំហានដំបូងដ៏សំខាន់សម្រាប់កម្ពុជាឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិនិងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា៕