សម្តេច ហ៊ុន សែន លើកទឹកចិត្ត​ដល់​សមាគ​ម​ជប៉ុន-កម្ពុជា ឱ្យបន្ត​ចលនាអ្នក​វិនិយោគ​មកកាន់​កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តដល់​សមាគម​ជប៉ុន-កម្ពុជា ឱ្យបន្ត​ការ​ខិតខំចលនាអ្នកវិនិយោគមកកម្ពុជា ហើយ​នៅពេលនេះកម្ពុជា ក៏មាន​ច្បាប់​វិនិយោគថ្មីដែរ ដែលច្បាប់វិនិយោគនេះ នឹងផ្ដល់នូវភាពអនុគ្រោះជា​ច្រើន សម្រាប់​ការវិនិយោគ​នៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកទឹកចិត្តរបស់សម្តេចតេជោដូចនេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និង​ពិភាក្សាការងារ រវាងសម្តេច និងលោក តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា​នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៣នេះ ។

សម្ដេចតេជោ ហ៊ុន សែន ក៏​បានស្នើ​ទៅ​កាន់​សមាគមជប៉ុន-កម្ពុជា ជំរុញការនាំផលិតផល​កម្ពុជាទៅកាន់​ប្រទេស​ជប៉ុន ខណៈ​ផលិតផលរបស់កម្ពុជានៅពេលនេះ មានគុណភាពល្អ ហើយមិនប្រើគីមី​ច្រើន​ទេ ។

នៅក្នុងជំនួបនេះ លោក តាកាហាស៊ី ក៏បានជម្រាបជូនសម្ដេចតេជោដែរថា ​សមា​គមជប៉ុន-កម្ពុជា កំពុងរៀបចំវេទិកាព័ត៌មានអំពីសក្ដានុពលវិនិយោគ​នៅ​កម្ពុជា ដើម្បីផ្សព្វផ្សាយ​ដល់​ប្រជាជនជប៉ុន ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យមជប៉ុន ដែលកំពុង​ស្វែង​រក​ការវិនិយោគ​នៅក្រៅប្រទេស។

ជាមួយគ្នានេះ សមា​គមជប៉ុន-កម្ពុជា ក៏ជំរុញការនាំចេញផលិតផលពីកម្ពុជាទៅជប៉ុន និងកែច្នៃផលិតផលកម្ពុជា សម្រាប់ដាក់លក់លើទីផ្សារផងដែរ៕ អត្ថបទ៖ សន ពុទ្ធិកា