តម្លៃ​សំបុត្រ​យន្តហោះ​​​ភ្នំពេញ​ទៅ​បាងកក​ ថយ​ចុះ​​ពី​ជាង ៥០០ ដុល្លារ មក​ត្រឹម​ជាង ២០០ ដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

ខណៈ​ក្រុមហ៊ុន​អាកាសចរណ៍​នានា​​​ចាប់ផ្តើមសេវាកម្មហោះហើរ​ឡើង​វិញ​ ឃើញ​ថា​តម្លៃ​សំបុត្រយ​ន្តហោះ​ក៏​ថយ​ចុះច្រើន​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង​សំបុត្រ​យន្តហោះ​ពី​ភ្នំពេញ​ទៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ តម្លៃ​បាន​ចុះពី​ជាង ៥០០ ដុល្លារ នៅសល់​តែ​ជាង ២០០ ដុល្លារ។

លោក ហូរ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា មានប្រសាសន៍ថា តម្លៃសំបុត្រយន្តហោះក្នុងតំបន់អាស៊ាន បាន​ថយចុះមកតម្លៃធម្មតាដូចមុនផ្ទុះ​ជំងឺ​កូវីដ​ឆ្នាំ២០១៩។ តម្លៃ​សំបុត្រ​ពីភ្នំពេញទៅបាងកក កន្លងមកមានតម្លៃ ៥០០​ដុល្លារទៅ​៧០០ដុល្លារ ឥឡូវតម្លៃត្រឹមតែចាប់ពី១៧០ដុល្លារទៅជាង២០០ដុល្លារ​ប៉ុណ្ណោះ។

លោក ហូរ វណ្ឌីបាន​បញ្ជាក់​ថា តម្លៃសំបុត្រយន្តហោះថយច្រើន ជាពិសេសជើងហោះហើរក្នុងតំបន់អាស៊ាន ដែលតម្លៃសំបុត្រយន្តហោះសឹងតែថយចុះមកតម្លៃធម្មតាដូចនឹងឆ្នាំ២០១៩ លើកលែងតែគោលដៅប្រទេសចិនមួយប៉ុណ្ណោះ ដែលតម្លៃសំបុត្រយន្តហោះនៅទ្រឹងដដែល គឺប្រមាណពី៧ពាន់ដុល្លារទៅ១ម៉ឺនដុល្លារ។

បើ​តាមមន្រ្តី​អាកាសច​រ​ស៊ីវិល ក្នុងខែមេសា ឆ្នាំ២០២២នេះ អ្នកដំណើរចេញចូលប្រទេសកម្ពុជា តាមផ្លូវអាកាស តាមរយៈអាកាសយានដ្ឋានទាំងបី មានចំនួនជាង១២ម៉ឺននាក់ កើនឡើងជាង៥០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

ផ្លូវហោះហើរដែលមានកំណើនខ្ពស់ គឺភ្នំពេញ-បាងកក ដែលក្នុងមួយសប្តាហ៍កើនឡើងដល់២៥ជើង និង ភ្នំពេញ-សិង្ហបុរី កើនឡើងដល់១៩ជើងក្នុងមួយសប្តាហ៍៕