ក្រុមកសិករឥណ្ឌូនេស៊ី នាំគ្នាធ្វើបាតុកម្ម ប្រឆាំងនឹងបម្រាមនាំចេញប្រេងដូងទៅក្រៅប្រទេស

អន្តរជាតិ

កសិករខ្នាតតូចរបស់ឥណ្ឌូនេស៊ី រាប់រយនាក់ បានចេញធ្វើបាតុកម្ម នៅរដ្ឋធានីហ្សាកាតា និងនៅកន្លែងផ្សេងទៀតក្នុងប្រទេស ដោយទាមទារឱ្យរដ្ឋាភិបាលបញ្ចប់ការហាមឃាត់ លើការនាំចេញប្រេងដូង ដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់ពួកគេ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ឥណ្ឌូនេស៊ី ដែលជាប្រទេសមានការនាំចេញប្រេងដូងធំបំផុតរបស់ពិភពលោក ចាប់តាំងពីថ្ងៃទី ២៨ មេសា មក បានបញ្ឈប់ការនាំចេញប្រេងដូងឆៅ និងផលិតផលប្រេងសម្រាប់ចម្អិនអាហារផ្សេងទៀត ក្នុងគោលបំណង ដើម្បីគ្រប់គ្រងការកើនឡើងនៃតម្លៃប្រេងឆា នៅក្នុងស្រុក ដែលបានធ្វើឱ្យទីផ្សារប្រេងចម្អិនអាហារពិភពលោក កំពុងជួបបញ្ហា ។

យ៉ាងណា ជុំវិញបញ្ហានេះ កសិករបានប្រមូលផ្គុំគ្នា ដើរទន្ទឹមនឹងរថយន្តដឹកដូងប្រេង នៅខាងក្រៅការិយាល័យក្រសួងសម្របសម្រួលកិច្ចការសេចកិច្ច ដែលដឹកនាំគោលនរយោបាយរបស់រដ្ឋាភិបាល ។

នៅក្នុងនោះ ក្រុមអ្នកតវ៉ា បានលើកបដាមួយ ដោយសរសេរថា ៖ ” កសិករម៉ាឡេស៊ី កំពុងមានស្នាមញឹមពេញមុខ ខណ:កសិករឥណ្ឌូនេស៊ីរងទុក្ខ ” ។ ជាការពិត ម៉ាឡេស៊ី ជាប្រទេសផលិតប្រេងដូងធំជាងគេទី ២ ហើយបាននិយាយថា ខ្លួនមានបំណងផ្គត់ផ្គង់ទីផ្សារ ដោយបើកចំហរ ស្របពេលឥណ្ឌូនេស៊ី កំពុងមានការហាមឃាត់ការនាំចេញប្រេងដូង ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមកសិករខ្នាតតូច APKASINDO បាននិយាយថា ចាប់តាំងពីមានការប្រកាសហាមឃាត់ការនំាចេញមក តម្លៃដូងប្រេង បានធ្លាក់ចុះ ៧០% ពោលលគឺនៅក្រោមតម្លៃ ដែលបានកំណត់ដោយអាជ្ញាធរក្នុងតំបន់ទៅទៀត ។

ទន្ទឹមនឹងនេះ APKASINDO បានប៉ាន់ប្រមាណថា យ៉ាងហោចណាស់ ២៥% នៃរោងចក្រកែច្នៃដូងប្រេង បានឈប់ទិញដូងប្រេងពីកសិករឯករាជ្យ ។ ខណ:ក្រុមកសិករដដែលនេះ បាននិយាយថា ក្រុមបាតុករ គ្រោងនឹងដើរដង្ហែក្បួន ទៅកាន់វិមានប្រធានាធិបតីផងដែរ ស្របពេលការតវ៉ាស្រដៀងគ្នានេះ ត្រូវបានធ្វើឡើង នៅក្នុងខេត្តចំនួន ២២ ផ្សេងទៀត ដើម្បីឱ្យរដ្ឋាភិបាលស្វែងរកដំណោះស្រាយ ៕

ប្រភព: Bangkok Post