មន្ត្រី UN ចេញ​មុខ​សុំ​ជំនួយ​ពី​មហាសេដ្ឋី ស្របពេល​វិបត្តិ​ចំណីអាហារ​កាន់តែ​ធ្ងន់ធ្ងរ

អន្តរជាតិ

សង្គ្រាម​រវាង​រុស្ស៊ី-អ៊ុយក្រែន បាន​ធ្វើ​ឲ្យ​ពិភពលោក​មាន​ការ​ជ្រួលច្របល់​ជា​ខ្លាំង ជាពិសេស​លើ​ផ្នែក​សេដ្ឋកិច្ច និង​វិបត្តិ​កង្វះ​ខាត​ចំណី​អាហារ​តែម្ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់​ស្ដែង ប្រទេស​ទាំង ២ ខាងលើ​គឺ​ជា​អ្នក​នាំចេញ​ធំ​បំផុត ១/៣ លើ​ផ្នែក​ស្រូវសាលី គ្រាប់​ធញ្ញជាតិ និង​ប្រេង​ផ្កាឈូក​រ័ត្ន​ទូទាំង​ពិភពលោក ស្របពេល​តម្លៃ​ជី​កំពុង​មាន​ការ​ឡើងថ្លៃ​ខ្ពស់​ដោយសារ​សង្គ្រាម​នេះ​ផង​ដែរ។

ទាក់ទង​នឹង​បញ្ហា​ខាងលើ លោក David Beasley ដែល​ជា​ប្រធាន​ផ្នែក​អាហារ​ពិភពលោក​លោក​ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ចេញ​មុខ​ស្នើ​សុំ​ជំនួយ​ពី​ក្រុម​មហាសេដ្ឋី​ទាំងអស់ ក្នុង​ជួយ​គ្នា​មួយដៃ​មួយជើង ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ចំណីអាហារ​មួយ​នេះ។

មន្ត្រី UN ខាងលើ​បាន​បង្ហោះ​សារ​ទៅ​កាន់​ក្រុម​មហាសេដ្ឋី​ថា៖ “​ពិភពលោក​កំពុង​ស្ថិត​ក្នុង​ស្ថានការណ៍​ដ៏​អាក្រក់ ហើយ​នេះ​មិនមែន​ជា​ពាក្យ​វោហាសាស្រ្ត​ ចេះ​តែ​និយាយ​ឡើយ។ ក្រោកឈរ​ឡើង ព្រោះ​ពិភពលោក​កំពុង​ត្រូវការ​ពួកអ្នក”។

បញ្ជាក់​ដែរ​ថា សង្គ្រាម​កាន់តែ​អូសបន្លាយ នោះ​ហានិភ័យ​នៃ​កង្វះ​ស្បៀងអាហារ​ពិភពលោក​កាន់តែ​មាន​ខ្ពស់ ដ្បិត​ប្រសិន​បើ​អ៊ុយក្រែន​នៅ​តែ​មិន​អាច​ផ្គត់ផ្គង់​ផលិតផល​លើ​ទីផ្សារ​បន្ត​ទៀត ក្នុង​រយៈពេល ១០ ទៅ ១២ ខែ​ខាងមុខ ពិភពលោក​នឹង​ជៀស​មិន​ផុត​ពី​វិបត្តិ​កង្វះ​ចំណីអាហារ​ជា​មិនខាន៕

ប្រភព: Thenational

78 Shares