ការនាំចូលដែករបស់កម្ពុជាកើនឡើងជិត១២០លានដុល្លារត្រឹម៤ខែ​ឆ្នាំនេះ

សង្គម​និង​សេដ្ឋកិច្ច

គិតត្រឹមរយៈពេល៤ខែដើមឆ្នាំ២០២២នេះ កម្ពុជា បាននាំចូលដែក និងដែកថែប មានតម្លៃសរុប ១១៩,៧លានដុល្លារអាមេរិក កើនឡើង ១៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានតម្លៃត្រឹម ១០១លានដុល្លារប៉ុណ្ណោះ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធគយ និងរដ្ឋាករ កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងទៀតថា តម្លៃនៃការនាំចូលដែក និងដែកថែបនេះមានប្រមាណ ១,១៩២ភាគរយ នៃតម្លៃនាំចូលសរុបរបស់កម្ពុជា ក្នុងរយៈពេលបួនខែ ១០ ប៊ីលានដុល្លារ។ ក្នុងខែមេសា ឆ្នាំ២០២២ ការនាំចូលដែក និងដែកថែបចូលកម្ពុជា មានតម្លៃប្រមាណ ៣៥,៦លានដុល្លារ កើនឡើង ៨៣,៦ភាគរយ ធៀបនឹងខែមេសាឆ្នាំមុន។

បើយោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឆ្នាំ ២០២១ កម្ពុជាមានគម្រោងសាងសង់ថ្មីសរុបចំនួន ៤ ៣០៣ គម្រោង ត្រូវបានអនុម័តទូទាំងប្រទេស ជាមួយនឹងការវិនិយោគទុនចុះបញ្ជីសរុបចំនួន ៥,៣ ប៊ីលានដុល្លារ ធ្លាក់ចុះ ៣១ ភាគរយធៀបនឹងឆ្នាំ២០២០ និងផ្ទៃដីសរុប ១៣ លានម៉ែត្រការ៉េ។

គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ស្តីពី «វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០១៩ និងទស្សនវិស័យឆ្នាំ២០២០» ធ្លាប់បានឲ្យដឹងថា វិស័យសំណង់នឹងនៅតែជាសសរស្តម្ភមួយ​នៃការជំរុញ​កំណើនសេដ្ឋកិច្ចកម្ពុជា។

ធនាគារជាតិ​ក៏ធ្លាប់បានបង្ហាញថា មានកតាលីករ២សំខាន់ ដែល​ជួយជម្រុញឲ្យវិស័យសំណង់ និងអចលនព្រទ្យឆ្នាំ២០២២ បន្តកើនឡើង គឺនិន្នា​ការ​កើនឡើងនៃការនាំចូលសម្ភារសំណង់ និងគម្រោងសាងសង់ដែលទទួល​បានការ​អនុម័ត ដែលធាតុចូលទាំងពីរនេះ គឺជាការឆ្លុះបញ្ចាំងវិស័យសំណង់ និងអចលនទ្រ​ព្យបន្តកើនឡើង៕